សម្រាប់រថយន្តសាំង ប៊ូស៊ី ដើរតួនាទីសំខាន់ណាស់ ដែលជាអ្នកផ្តល់ផ្កាភ្លើងដើម្បីដុតសាំង ជាមួយល្បាយខ្យល់ ក្នុងបន្ទប់ចំហេះ។ យ៉ាងណាមិញ អ្នកប្រើប្រាស់មួយចំនួន បានត្រឹមតែដឹងនិងស្គាល់ប៊ូស៊ីនេះប៉ុណ្ណោះ ប៉ុន្តែរបស់ដែលសំខាន់មួយទៀតគឺ ម៉ូប៊ីន ព្រោះវានេះហើយ ដែលជាអ្នកបម្លែងភ្លើងពីអាគុយ ផ្តល់ទៅឱ្យប៊ូស៊ីផ្ទាល់តែម្តង។ ប្រសិនបើម៉ូប៊ីនណាមួយខូច វាក៏បង្កផលប៉ះពាល់រថយន្តដែរ ។
ជាទូទៅ ម៉ូប៊ីន អាចប្រើប្រាស់បានពី ១២ម៉ឺន ដល់ ១៦ម៉ឺនគីឡូម៉ែត្រឯណោះ ដែលគួរតែផ្លាស់ប្តូរចេញម្តង ។ ប៉ុន្តែម៉ូប៊ីន អាចមានបញ្ហា ឬខូច មុនដល់គ្រប់ចំនួនគីឡូ ដែលតម្រូវឱ្យផ្លាស់ប្តូរចេញជាបន្ទាន់ ដើម្បីកុំឱ្យរថយន្តជួបបញ្ហាកាន់តែធ្ងន់ធ្ងរជាងនេះ ។ រោគសញ្ញាម៉ូប៊ីនខូច រួមមានដូចជា៖
១. ចេញសញ្ញា Check: ប្រសិនបើម៉ូប៊ីនខូចនៅប្លុកស៊ីឡាំងណាមួយ វានឹងចេញសញ្ញា Check លោតភ្លឹបផ្លេក ដោយលេខកូតរបស់វាគឺ P0351 រហូតដល់ P0358។
២. ពិបាកដេរបញ្ឆេះ: ប្រសិនបើមានម៉ូប៊ីនណាមួយបានខូច វានឹងធ្វើអ្នកពិបាកដេរបញ្ឆេះរថយន្ត ព្រោះតែការផ្តល់ភ្លើងឱ្យប៊ូស៊ី មិនគ្រប់គ្រាន់ ឬមិនគ្រប់ស៊ីឡាំង។ ប្រសិនបើរថយន្តមានស៊ីឡាំង៤ ហើយម៉ូប៊ីនខូចទាំង៤ដើម គឺមិនអាចដេរឆេះតែម្តង។
៣. ម៉ាស៊ីនរថយន្តឆេះអត់ស្មើៈ បើអ្នកកត់សម្គាល់ថាម៉ាស៊ីនឆេះអត់ស្មើ ញ័រក្បាលឡាន ឬពេលជាន់ហ្គែររាងកន្រ្តាក់ម្តងៗ គឺអ្នកក៏ត្រូវគិតដល់ពីបញ្ហាម៉ូប៊ីននេះផងដែរ។
៤. ស៊ីសាំងជាងមុនៈ នៅពេលម៉ូប៊ីនណាមួយខូច វានឹងកាត់បន្ថយការផ្តល់ថាមពល ជាហេតុធ្វើឱ្យម៉ាស៊ីនត្រូវបឺតសាំងជាងមុនដែរ ដើម្បីទៅជួយបង្គ្រប់ថាមពល។
៥. អាចបណ្តាលឱ្យចេញភ្លើងតាមបំពង់ស៊ឺមុំាងៈ ម៉ាស៊ីនបឺតសាំងកាន់តែច្រើន ក្នុងពេលម៉ូប៊ីនខូច នោះវាអាចមានករណីខ្លះ សាំងមិនអាចត្រូវដុតឆេះអស់ក្នុងបន្ទប់ចំហេះ ដូច្នេះសាំងដែលមិនបានឆេះនោះ នឹងអាចហូរឆ្លងកាត់ទៅប្រព័ន្ធបញ្ចេញផ្សែង ហើយអាចចេញអណ្តាតភ្លើងតាមបំពង់ស៊ឺមុំាងទៀតផង ដោយលោកអ្នកក៏កត់សម្គាល់ពីសំឡេងលាន់ខ្លាំងចេញពីខាងក្រោយរថយន្តផងដែរ៕