តើលោកអ្នកធ្លាប់មានចម្ងល់ទេថាតើហេតុអ្វី ម៉ូតូគេមិនបំពាក់ម៉ាស៊ីនម៉ាស៊ូត ខណៈដែលរថយន្តមានជម្រើសម៉ាស៊ីនសាំង និងម៉ាស៊ីនម៉ាស៊ូត។ យើងដឹងហើយថា ម៉ាស៊ីនម៉ាស៊ូត ក៏មានគុណសម្បត្តិផងដែរ ដូចជា សន្សំសំចៃប្រេង និងមានកម្លាំងរមួលខ្លាំងជាដើម។
ខាងក្រោមនេះ គឺជាមូលហេតុមួយចំនួន ដែលគេមិនបំពាក់ម៉ាស៊ីនម៉ាស៊ូតលើម៉ូតូ ៖
ទម្ងន់ ៖ ម៉ាស៊ីនម៉ាស៊ូត ជាទូទៅ ធ្ងន់ជាងម៉ាស៊ីនសាំង (បើគិតពីទំហំ និងកម្លាំងដូចគ្នា) ដែលធ្វើឱ្យម៉ូតូកាន់តែធ្ងន់ ប៉ះពាល់ដល់សន្ទុះ និងស៊ីប្រេង។
ញ័រ ៖ ម៉ាស៊ីនម៉ាស៊ូត តែងមានភាពញ័រជាងម៉ាស៊ីនសាំង ដែលប៉ះពាល់ដល់ការជិះមិនស្រួលខ្លួន ហើយអាចធ្វើឱ្យផ្នែកគ្រឿងបង្គុំឆាប់សឹក។
សំឡេង ៖ ម៉ាស៊ីនម៉ាស៊ូត តែងមានសំឡេងថ្លង់ជាងម៉ាស៊ីនសាំង។
ប្រអប់លេខ ៖ ម៉ាស៊ីនម៉ាស៊ូត ត្រូវការប្រអប់លេខខុសគ្នា ពីម៉ាស៊ីនសាំង ដែលធ្វើឱ្យការចំណាយផលិតខ្ពស់។
សីតុណ្ហភាព ៖ ម៉ាស៊ីនម៉ាស៊ូត មានសីតុណ្ហភាពប្រតិបត្តិការខ្ពស់ជាង ដែលតម្រូវឱ្យមានប្រព័ន្ធទឹកស្អំធំ និងស្មុគស្មាញ ប៉ះពាល់ដល់ទម្ងន់ និងទំហំម៉ូតូ។
ការបំពុល ៖ ការបញ្ចេញផ្សែង របស់ម៉ាស៊ីនម៉ាស៊ូត គឺច្រើនជាង ម៉ាស៊ីនសាំង។
តម្លៃ ៖ ការចំណាយថ្លៃដើម ផលិតម៉ូតូម៉ាស៊ីនម៉ាស៊ូត គឺខ្ពស់ជាងម៉ូតូម៉ាស៊ីនសាំង ដែលនឹងធ្វើឱ្យការលក់ថ្លៃ ទៅតាមនោះផងដែរ៕