សម្រាប់រថយន្តសាំង ប៊ូស៊ី គឺជាគ្រឿង បង្គុំដ៏សំខាន់បំផុតមួយ ដែលមានតួនាទីផ្តល់ផ្កាភ្លើង ដើម្បីដុតបញ្ឆេះល្បាយឥន្ធនៈ ជាមួយល្បាយខ្យល់ក្នុងបន្ទប់ចំហេះនៃស៊ីឡាំងម៉ាស៊ីននីមួយៗ ដើម្បីឱ្យរថយន្តអាច ដំណើរការទៅបាន។
ចំនួនប៊ូស៊ីគឺខុសៗ គ្នាតាមប្រភេទរថយន្តនីមួយ ពោលគឺបើរថយន្តប្រើម៉ាស៊ីន ស៊ីឡាំង៤ នោះគឺប៊ូស៊ីមាន៤គ្រាប់ ហើយបើប្រើម៉ាស៊ីនស៊ីឡាំង៦ គឺមានប៊ូស៊ី ៦គ្រាប់ដែរ ដែលវាត្រូវបានដាក់ នៅក្នុងគ្រប់ស៊ីឡាំងនីមួយៗ។
ចុះប្រសិនបើមានប៊ូស៊ីណាមួយខូច ថាតើយើង គួរប្តូរតែ១គ្រាប់នោះចេញ ឬប្តូរទាំងអស់?
នៅពេលប៊ូស៊ីណាមួយ បានខូច នោះវានឹងធ្វើឱ្យម៉ាស៊ីនរថយន្តឆេះញាក់កន្ត្រាក់ៗ។ អ្នកក៏អាចសម្គាល់បានថាវាខូច គឺនៅពេលមានលោតសញ្ញាឆេកផ្លឹបផ្លេក ហើយជាន់ ហ្គែរកន្ត្រាក់ខ្លាំង ព្រោះតែការដុតបញ្ឆេះក្នុងស៊ីឡាំង មិនស្មើគ្នានិងផ្តល់ថាមពលមិនគ្រប់គ្រាន់។ ជាមួយគ្នានេះ ពេលដែលបញ្ឆេះការ៉ង់ទី វាក៏ញ័រក្បាលរថយន្តខ្លាំងដែរ។
ការពិតទៅ ទោះប៊ូស៊ីណាមួយបានខូច វាក៏មិនឆ្លងទៅប៊ូស៊ីដទៃទៀតដែរ ព្រោះវានៅក្នុងប្លុកស៊ីឡាំងផ្សេងៗគ្នា។ ប៉ុន្តែជាទូទៅ អ្នកជំនាញ បានផ្តល់ ការណែនាំឱ្យប្តូរប៊ូស៊ីទាំងអស់តែម្តង ព្រោះដើម្បីអាចឱ្យវាអាចផ្តល់ ថាមពលដុតបញ្ឆេះស្មើៗគ្នានៅគ្រប់ស៊ីឡាំង ។ ជារួម គួរចៀសវាងប្រើប៊ូស៊ីចាស់លាយថ្មី ពោលគឺគួរប្រើប៊ូស៊ីថ្មី ដូចគ្នាទាំងអស់ ដើម្បីឱ្យម៉ាស៊ីនរថយន្តឆេះស្រួល និងមិនស៊ីសាំងច្រើន ៕