បច្ចេកវិទ្យា

រំពឹងអីទៀត! បើសូម្បីតែ Toyota ក៏​កាត់បន្ថយ EV ដែរគឺដល់ ១ភាគ៣ ឯណោះ

ក្រុមហ៊ុន Toyota នឹង​កាត់​បន្ថយ​ចំនួន​ផលិត​រថយន្តអគ្គិសនី ដែលខ្លួន​បានគ្រោងទុកនៅឆ្នាំ​២០២៦ ដល់ ១ ភាគ ៣។ នេះ​ជាការផ្លាស់ប្តូរចិត្ត​របស់ក្រុមហ៊ុនរថយន្តយក្សមួយទៀតហើយ ក្នុងការកាត់បន្ថយ​ចំនួន​រថយន្តអគ្គិសនី។

ក្រុមហ៊ុនជប៉ុន​មួយនេះ គ្រោង​នឹងផលិតរថយន្ត​អគ្គិសនី ប្រមាណ ១លានគ្រឿង នៅឆ្នាំ​២០២៦ បើប្រៀបធៀប​នឹងផែនការដំបូង ១,៥លានគ្រឿង។

ការសម្រេចចិត្ត​នេះ ​ខណៈ​ការលក់​រថយន្តអគ្គិសនី​នៅទូទាំងពិភពលោក កំពុងមានភាពយឺតយ៉ាវខុសពីការរំពឹងទុក ពោលគឺ​មានប្រហែលតែ ១% ប៉ុណ្ណោះ។ ឆ្នាំមុន Toyota លក់ EV បានតែជាង ១០ម៉ឺនគ្រឿងប៉ុណ្ណោះ។

ជាមួយនឹង​ការបន្ថយ EV ក្រុមហ៊ុន Toyota ត្រូវបានគេដឹងថា កំពុងផ្តោតលើរថយន្ត Hybrid បន្ថែមទៀត ក្នុងនោះ រថយន្ត Toyota RAV4 ស៊េរីឆ្នាំ២០២៦ នឹងមានតែជម្រើស Hybrid មួយគត់ លែងមានជម្រើសប្រើសាំងសុទ្ធដូចស៊េរីមុនៗទៀតហើយ សម្រាប់ទីផ្សារអាមេរិកខាងជើង។

គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៤នេះ ក្នុងចំណោម​រថយន្តដែលបានលក់នៅអាមេរិក ក្នុងនោះមាន ៣៧% ហើយ ដែល​ជាប្រភេទរថយន្ត Hybrid និងរំពឹងថាឡើងដល់ជាង ៥០% នៅឆ្នាំក្រោយ។ ការផ្តោតទៅលើរថយន្ត Hybrid នេះ ក៏ជួយឱ្យ Toyota ទទួលបានផលប្រយោជន៍ពី​ច្បាប់បញ្ចេញផ្សែង​របស់អាមេរិកផងដែរ។

គួរដឹងថា កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុនរថយន្ត Volvo របស់ប្រទេសស៊ុយអែត​ ដែល ៣ឆ្នាំមុនប្រកាសថា នឹងផលិតរថយន្តអគ្គិសនីសុទ្ធ នៅឆ្នាំ២០៣០ ឥឡូវនេះបាន​ផ្លាស់ប្តូរចិត្តវិញហើយ ពោលគឺ​នឹងផលិតរថយន្តអគ្គិសនីលាយនឹង​រថយន្ត Hybrid។ Volvo បានកត់សម្គាល់ថា មូលហេតុដ៏ធំដែលរាំងស្ទះដល់ EV គឺកង្វះខាតនូវស្ថានីយបញ្ចូលថាមពល ដែលមិនទាន់អាចឆ្លើយតប​តាមតម្រូវការរបស់អ្នកប្រើប្រាស់បានឡើយ។

ក្រុមហ៊ុន Volvo រំពឹងថា​ នៅត្រឹមឆ្នាំ​២០៣០ យ៉ាងហោចណាស់ ៩០% នៃរថយន្តរបស់ខ្លួន នឹងជារថយន្តអគ្គិសនី និងរថយន្ត Plug-in Hybrid ហើយសល់ប៉ុន្មានភាគរយទៀត នឹងជា រថយន្ត Mild Hybrid៕

អត្ថបទ៖ សំភី

Most Popular

To Top