វៀតណាម៖ អនុប្រធានក្រុមហ៊ុន SpaceX លោក Tim Hughes បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការផ្តល់សេវាអ៊ីនធើណេតតាមផ្កាយរណប Starlink ក្នុងប្រទេសវៀតណាម ដើម្បីបង្កើនការអប់រំ ការបណ្តុះបណ្តាល និងកិច្ចខិតខំប្រឹងប្រែងការពារគ្រោះមហន្តរាយ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រី Pham Minh Chinh កាលពីថ្ងៃសុក្រ លោក Hughes អនុប្រធានជាន់ខ្ពស់ផ្នែកធុរកិច្ចសកល និងកិច្ចការរដ្ឋាភិបាលនៃSpaceX បានគូសបញ្ជាក់ថា Starlink កំពុងផ្តល់សេវាអ៊ីនធើណេតតាមផ្កាយរណបនៅអាមេរិកតាំងពីខែតុលា ឆ្នាំ២០២០ មក។ សេវាកម្មនេះឥឡូវនេះគាំទ្រដល់អតិថិជនជិត ៣ លាននាក់នៅទូទាំងជាង ១០០ ប្រទេស។
លោក Hughes បានសរសើរកម្មវិធីគ្របដណ្តប់អ៊ីនធើណេតជាតិរបស់វៀតណាម ហើយបានបញ្ជាក់ថា SpaceX ត្រៀមខ្លួនរួចជាស្រេចក្នុងការនាំយក Starlink មកកាន់ប្រទេសនេះ។ លោកបានជំរុញឲ្យវៀតណាមរៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់ និងលក្ខខណ្ឌនានា ដើម្បីធានាបានជោគជ័យរបស់គម្រោង ដែលនឹងជួយពង្រីកលទ្ធភាពប្រើប្រាស់អ៊ីនធើណេតដល់ប្រជាពលរដ្ឋទាំងអស់។
លោក Chinh បានស្វាគមន៍ចំពោះសំណើរបស់ SpaceX ហើយបានសម្តែងសុទិដ្ឋិនិយមថា គំនិតនេះនឹងក្លាយជាការពិតក្នុងពេលឆាប់ៗនេះ។ លោកបានធានាថា វៀតណាមមានហេដ្ឋារចនាសម្ព័ន្ធ យន្តការ និងគោលនយោបាយចាំបាច់សម្រាប់ SpaceX ក្នុងការវិនិយោគ និងប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។
នាយករដ្ឋមន្ត្រីបានលើកទឹកចិត្ត SpaceX ឲ្យធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តគម្រោងនេះដោយអនុលោមតាមច្បាប់ក្នុងស្រុក និងធានាសុវត្ថិភាពតាមអ៊ីនធើណេត។ លោកបានសម្តែងនូវបំណងចង់ឲ្យ SpaceX សហការជាមួយវៀតណាមក្នុងវិស័យសក្តានុពលផ្សេងទៀត រួមទាំងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការច្នៃប្រឌិត បញ្ញាសិប្បនិម្មិត និងអ៊ីនធើណេត៕