បច្ចេកវិទ្យា

កម្មវិធី Apple Intelligence នឹងប្រើប្រាស់ភាសាវៀតណាមនៅឆ្នាំ ២០២៥ ជាផ្លូវការ

VN Express

អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បានប្រកាសថា វេទិកា AI របស់ខ្លួន គឺមុខងារ Apple Intelligence នឹងចាប់ផ្តើមប្រើប្រាស់ភាសាវៀតណាមចាប់ពីឆ្នាំក្រោយ ដែលធ្វើឲ្យវាក្លាយជាភាសាដំបូងគេ ដែលអាចប្រើបានក្រៅពីភាសាអង់គ្លេស យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

ក្រុមហ៊ុនបានបង្ហាញថា មុខងារនេះនឹងក្លាយជាផ្នែកមួយនៃការអាប់ដេតដោយឥតគិតថ្លៃនៅទូទាំងឧបករណ៍ទាំងអស់។ កំណែបែតានឹងត្រូវបានដាក់ឲ្យប្រើប្រាស់នៅខែក្រោយជាមួយនឹង iOS 18.1, iPadOS 18.1 និងMacOS Sequoia 15.1។

ប៉ុន្តែសម្រាប់តែឧបករណ៍ដែលបានកំណត់ជាភាសាអង់គ្លេស (សហរដ្ឋអាមេរិក) ជាភាសាប្រព័ន្ធ ហើយនៅខែធ្នូកំណែភាសាអង់គ្លេសដែលបានធ្វើមូលដ្ឋានីយកម្មសម្រាប់អូស្ត្រាលី កាណាដា នូវែលសេឡង់ អាហ្វ្រិកខាងត្បូង និងចក្រភពអង់គ្លេសក៏នឹងមានផងដែរ។

នៅឆ្នាំ២០២៥ មុខងារ Apple Intelligence នឹងពង្រីកការប្រើប្រាស់ភាសារបស់ខ្លួន ដើម្បីរួមបញ្ចូលភាសាវៀតណាម ចិន បារាំង អាល្លឺម៉ង់ និងជប៉ុន។ ជំនួយការសំឡេង Siri របស់ Apple ក៏ត្រូវបានគេរំពឹងថានឹងទទួលបានការគាំទ្រជាភាសាវៀតណាម ដែលធ្វើឲ្យអ្នកប្រើប្រាស់អាចចេញពាក្យបញ្ជាជាភាសាវៀតណាមបាន។

Apple បានណែនាំ Apple Intelligence ជាលើកដំបូងក្នុងសន្និសិទអ្នកអភិវឌ្ឍន៍ទូទាំងពិភពលោកឆ្នាំ ២០២៤ (WWDC) កាលថ្ងៃទី១០ ខែមិថុនា។ វេទិកានេះផ្តល់នូវលក្ខណៈពិសេសដូចជាអ៊ីម៉ែល និងការជូនដំណឹងសង្ខេប ការកែសម្រួលកថាខណ្ឌ និងការដកវត្ថុរូបថត ក្នុងចំណោមរបស់ផ្សេងទៀត។

នាយកប្រតិបត្តិ Apple លោក Tim Cook បានទៅប្រទេសវៀតណាមកាលពីខែមេសា ដោយបានជួបជាមួយអ្នកអភិវឌ្ឍន៍ និងអ្នកបង្កើតមាតិកា។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ ធ្លាប់បានប្រកាសថានឹងបង្កើនការចំណាយសម្រាប់អ្នកផ្គត់ផ្គង់នៅក្នុងប្រទេសវៀតណាម រួមជាមួយនឹងការអភិវឌ្ឍគម្រោងសហគមន៍៕

Most Popular

To Top