ម្ចាស់រថយន្តភាគច្រើនហើយ សុទ្ធតែបានជួបបញ្ហាបាត់ទឹក ដោយអ្នកខ្លះបានយកចូលការ៉ាស់ជួសជុលត្រឹមត្រូវ ទាន់ពេលវេលា តែអ្នកខ្លះគិតថា វាជារឿងធម្មតានិងមិនបានចាប់អារម្មណ៍ទៅទៀត ដោយគេគិតថា គ្រាន់តែចាក់ទឹកថែម រួចជាស្រេច។ ធ្វើបែបនេះ បើជិះផ្លូវឆ្ងាយ អាចឱ្យរថយន្តអស់ទឹកដោយមិនដឹងខ្លួន បណ្តាលឱ្យខូចរថយន្តកណ្តាលផ្លូវតែម្តង។
ប្រព័ន្ធទឹក មានតួនាទីសំខាន់ណាស់ ក្នុងការទប់កម្តៅម៉ាស៊ីនមិនឱ្យឡើងហួសកំណត់។ ជាទូទៅ ប្រសិនបើប្រព័ន្ធទឹក ឬម៉ាស៊ីន មិនមានបញ្ហាអ្វីទេនោះ វាក៏មិនធ្វើឱ្យទឹកបាត់បង់ដែរ។ ប៉ុន្តែបើវាបាត់ក្នុងកម្រិតណាមួយនោះ គឺវាអាចបណ្តាលមកពីកត្តា ៣ធំៗដូចខាងក្រោមនេះ៖
១. លេចធុងទឹក ឬទុយោ៖ ចំណុចនេះពេលខ្លះយើងអាចមើលឃើញផ្ទាល់ភ្នែកបាន តែការលេចជ្រាបខ្លះ ទាល់តែជាងជំនាញ ប្រើបច្ចេកទេសបុកសម្ពាធទើបរកឃើញ។

២. ខូចរ៉ងក្បាលគុយឡាស់៖ ជាងមេកានិចតែងនឹកឃើញមុខគេនូវការខូចរ៉ងក្បាលគុយឡាស់ ក្នុងពេលរថយន្តបាត់ទឹកដោយមិនដឹងមូលហេតុ។ ពេលរ៉ងក្បាលគុយឡាស់មានបញ្ហា វានឹងធ្វើឱ្យទឹកអាចជ្រាបចូលក្នុងបន្ទប់ចំហេះ ដុតបញ្ឆេះជាមួយល្បាយខ្យល់និងឥន្ធនៈ ដែលបណ្តាលឱ្យចេញផ្សែងពណ៌ស តាមបំពង់សឺមុំាង។ ចំពោះរោគសញ្ញានៃការខូចរ៉ងក្បាលគុយឡាស់នេះ លោកអ្នកក៏អាចកត់សម្គាល់បានផងដែរ គឺក្រោយពេលបញ្ឆេះរថយន្តបានប៉ុន្មាននាទី នឹងអាចមានការហៀរទឹកចេញពីធុងទឹកសាគួរ។

៣. ខូចគម្របធុងទឹក៖ គម្របធុងទឹក វាមានតួនាទីរក្សាសម្ពាធទឹកក្នុងប្រព័ន្ធ ប៉ុន្តែប្រសិនបើវាខូចបាត់បង់គុណភាព វាមិនអាចរក្សាសម្ពាធទឹកបានល្អឡើយ ជាហេតុធ្វើឱ្យទឹកបាត់បង់បន្តិចម្តងៗ ក្នុងទម្រង់ជាការភាយចំហាយចេញ៕
