បច្ចេកវិទ្យា

ម្ចាស់ Facebook Meta ប្រឈមមុខ នឹងការប្តឹងផ្តល់បន្ថែមទៀត នៅជប៉ុន ជុំវិញការផ្សាយ ពាណិជ្ជកម្មបោកប្រាស់

AFP

អូសាកា ៖ មេធាវីសម្រាប់ដើមបណ្តឹង បាននិយាយកាលពីថ្ងៃពុធថា ម្ចាស់ក្រុមហ៊ុន Facebook និង Instagram Meta Platforms Inc នឹងប្រឈមមុខ នឹងការប្តឹងផ្តល់ថ្មីៗ នៅប្រទេសជប៉ុន ជុំវិញការផ្សាយពាណិជ្ជកម្ម ដែលក្លែងបន្លំមូលនិធិវិនិយោគ ជាមួយនឹងការយល់ព្រម ក្លែងក្លាយពីតារាល្បី យោងតាមការចេញ ផ្សាយពីគេហទំព័រ Japan Today ។

នេះបើយោងតាមមេធាវីបានប្រាប់ថា ដើមបណ្តឹងប្រហែល ៣០ នាក់ កំពុងឲ្យសងជំងឺចិត្តយ៉ាងហោចណាស់ ៣០០ លានយ៉េន ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់សហរដ្ឋអាមេរិក និង ដៃជប៉ុនរបស់ខ្លួន ដោយលើកហេតុផលថា ពួកគេមិនបានធ្វើគ្រប់គ្រាន់ ដើម្បីការពារការបោកប្រាស់ ។ បណ្តឹងទាមទារសំណង នឹងត្រូវប្តឹងទៅតុលាការស្រុក ចំនួនប្រាំ នៅទូទាំងប្រទេស រួមមាន Saitama, Chiba និង Osaka។

ក្នុងចំណោមឈ្មោះមនុស្សត្រូវ បានប្រើប្រាស់ក្នុងការផ្សាយពាណិជ្ជកម្មមានសហគ្រិនជនជាតិជប៉ុន Yusaku Maezawa ស្ថាបនិកក្រុមហ៊ុនលក់សម្លៀក បំពាក់ទាន់សម័យតាមអ៊ីនធើណេត Zozo Inc. បានធ្វើដំណើរទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ នៅលើយានអវកាសរុស្ស៊ីក្នុងឆ្នាំ ២០២១។

មេធាវីបានបន្តថា ដើមបណ្តឹងបានមើលការ ផ្សាយពាណិជ្ជកម្មក្លែងក្លាយ មុនពេលត្រូវបានដឹកនាំឲ្យផ្ទេរប្រាក់ទៅគណនីវិនិយោគដែលបានកំណត់។ ពួកគេប្រកែកថា Meta មានកាតព្វកិច្ចស៊ើបអង្កេត ខ្លឹមសារនៃការផ្សាយពាណិជ្ជកម្ម និងមិនអនុញ្ញាត ឲ្យពួកគេបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រសិនបើវាអាច ព្យាករណ៍ពីហានិភ័យ នៃគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ ។

Meta ត្រូវបានប្ដឹងកាលពីដើមឆ្នាំនេះ ក្នុងសំណុំរឿងស្រដៀងគ្នានេះ ដែលបានដាក់ក្នុងទីក្រុង Kobe ដោយក្រុមមនុស្សបួននាក់។ ក្រុមហ៊ុនកំពុងស្វែងរកការបដិសេធ ចំពោះការទាមទារសំណងការខូចខាត៕

Most Popular

To Top