បរទេស៖ កាលពីថ្ងៃសុក្រ ក្រុមហ៊ុន Apple បានបញ្ចុះបញ្ចូលដល់គណៈវិនិច្ឆ័យសហព័ន្ធថា កំណែដំបូងនៃនាឡិកាឆ្លាតវៃរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Masimo បានរំលោភលើប៉ាតង់ការរចនាចំនួន២ របស់ខ្លួន ដែលជាផ្នែកមួយនៃជម្លោះកម្មសិទ្ធិបញ្ញាកាន់តែទូលំទូលាយរវាងក្រុមហ៊ុន ។
គណៈវិនិច្ឆ័យនៅទីក្រុង Delaware បានយល់ស្របជាមួយនឹងក្រុមហ៊ុន Apple ថា ការធ្វើឡើងវិញពីមុននៃនាឡិកា និងឆ្នាំងសាក Masimo’s W1 និង Freedom មានចេតនារំលោភលើសិទ្ធិប៉ាតង់របស់ក្រុមហ៊ុន Apple ក្នុងការរចនានាឡិកាឆ្លាតវៃពិតប្រាកដមែន ។
ប៉ុន្តែគណៈវិនិច្ឆ័យបានផ្តល់រង្វាន់ដល់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សដែលមានតម្លៃប្រហែល ៣,៥ពាន់ពាន់លានដុល្លារ ដែលការខូចខាតមានត្រឹមតែ ២៥០ដុល្លារប៉ុណ្ណោះ ដែលជាចំនួនអប្បបរមាតាមច្បាប់សម្រាប់ការបំពាននៅសហរដ្ឋអាមេរិក ។
មេធាវីរបស់ក្រុមហ៊ុន Apple បានប្រាប់ដល់តុលាការយ៉ាងដូច្នេះថា “គោលបំណងចុងក្រោយ” នៃពាក្យបណ្ដឹងរបស់ខ្លួនមិនមែនជាប្រាក់នោះទេ ប៉ុន្តែដើម្បីឈ្នះដីកាប្រឆាំងនឹងការលក់នាឡិកាឆ្លាតវៃរបស់ ៊ក្រុមហ៊ុន Masimo បន្ទាប់ពីការសម្រេចចិត្តរបស់តុលាការពីការរំលោភបំពាននេះ ។
នៅចំពោះមុខនោះ គណៈវិនិច្ឆ័យក៏បានកំណត់ផងដែរថា នាឡិកាដៃនាពេលបច្ចុប្បន្នរបស់ក្រុមហ៊ុន Masimo មិនបានរំលោភលើប៉ាតង់របស់ក្រុមហ៊ុន Apple ដែលគ្របដណ្តប់លើការច្នៃប្រឌិតដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានចោទប្រកាន់ក្រុមហ៊ុន Masimo ពីបទចម្លងនោះទេ ។
ក្រុមហ៊ុន Masimo បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនពេញចិត្តចំពោះសាលក្រមរបស់គណៈវិនិច្ឆ័យ “ដែលជាការយល់ស្របចំពោះក្រុមហ៊ុន Masimo និងប្រឆាំងនឹងក្រុមហ៊ុន Apple លើបញ្ហាស្ទើរតែទាំងអស់” ហើយថា ការសម្រេចចិត្តនេះអនុវត្តចំពោះ “ម៉ូឌុលដែលឈប់ប្រើ និងឆ្នាំងសាក” តែប៉ុណ្ណោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា