ញូវយ៉ក៖ មហាសេដ្ឋីបច្ចេកវិទ្យាអាមេរិក លោក Elon Musk បានរិះគន់សហភាពអឺរ៉ុប ចំពោះការពិន័យដែលត្រូវបានដាក់លើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់លោក ចំពោះការរំលោភលើច្បាប់តម្លាភាព ដោយព្រមានថា ការឆ្លើយតបរបស់លោកនឹងផ្តោតលើមន្ត្រីដែលទទួលខុសត្រូវចំពោះការពិន័យនេះ។
នាយកប្រតិបត្តិក្រុមហ៊ុន Tesla រូបនេះបានសរសេរនៅលើបណ្ដាញសង្គម X ថា “សហភាពអឺរ៉ុប បានដាក់ពិន័យដ៏ឆ្កួតលីលានេះ មិនត្រឹមតែលើបណ្ដាញសង្គម X ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើខ្ញុំផ្ទាល់ផងដែរ ដែលកាន់តែឆ្កួតថែមទៀត ដូច្នេះវាហាក់ដូចជាសមរម្យក្នុងការអនុវត្តការឆ្លើយតបរបស់យើង មិនត្រឹមតែចំពោះសហភាពអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះបុគ្គល ដែលបានចាត់វិធានការនេះប្រឆាំងនឹងខ្ញុំផងដែរ”។
លោកបានបន្តជាមួយនឹងការបង្ហោះមួយផ្សេងទៀត ដោយថា “សហភាពអឺរ៉ុប គួរតែត្រូវបានលុបចោល”។ ការសម្រេចចិត្តរបស់សហភាពអឺរ៉ុបបានទទួលការស្តីបន្ទោសយ៉ាងខ្លាំងពីមន្ត្រីសហរដ្ឋអាមេរិក ដែលបានពណ៌នាអំពីការពិន័យនេះថាជាការវាយប្រហារលើសិទ្ធិសេរីភាពក្នុងការនិយាយកាន់តែទូលំទូលាយ និងអះអាងថា ក្រុមហ៊ុនអាមេរិកកំពុងត្រូវបានកំណត់គោលដៅដោយអយុត្តិធម៌។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកំហែងដាក់ពន្ធបន្ថែមលើសហភាពអឺរ៉ុប ប្រសិនបើវាបន្តដាក់ទណ្ឌកម្មលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិក។ កាលពីថ្ងៃសុក្រ គណៈកម្មការអឺរ៉ុប បានដាក់ពិន័យជាប្រាក់ចំនួន ១២០ លានអឺរ៉ូ (ប្រហែល ១៤០ លានដុល្លារអាមេរិក) លើក្រុមហ៊ុន X ពីបទរំលោភលើកាតព្វកិច្ចតម្លាភាពរបស់ខ្លួនក្រោមច្បាប់សេវាកម្មឌីជីថល (DSA) របស់សហភាពអឺរ៉ុប។
ការពិន័យនេះកើតចេញពីការរំលោភបំពានបីផ្សេងគ្នាលើ DSA រួមទាំងការរចនាបញ្ឆោតនៃសញ្ញាធីកពណ៌ខៀវរបស់បណ្ដាញ X កង្វះតម្លាភាពនៅក្នុងឃ្លាំងផ្សាយពាណិជ្ជកម្មរបស់ខ្លួន និងការបរាជ័យរបស់វេទិកាក្នុងការផ្តល់សិទ្ធិចូលប្រើប្រាស់ទិន្នន័យសាធារណៈដល់អ្នកស្រាវជ្រាវ។ យោងតាមគណៈកម្មការ ការប្រើប្រាស់ “សញ្ញាធីកពណ៌ខៀវ” ដែលអ្នកប្រើប្រាស់ណាម្នាក់អាចទទួលបានដោយការបង់ប្រាក់ ដើម្បីកំណត់ “គណនីដែលបានផ្ទៀងផ្ទាត់” ធ្វើឱ្យអ្នកប្រើប្រាស់ប្រឈមនឹងការបោកប្រាស់ រួមទាំងការក្លែងបន្លំ និងទម្រង់នៃការរៀបចំផ្សេងទៀត៕
ប្រែសម្រួល ឈូក បូរ៉ា
