បច្ចេកវិទ្យា

Microsoft ធ្វើការវិនិយោគទឹកប្រាក់ ១៧,៥ ពាន់លានដុល្លារនៅឥណ្ឌាសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ AI និង Cloud

ញូវដេលី៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Microsoft កាលពីថ្ងៃអង្គារបានប្រកាសពីការវិនិយោគដ៏ធំបំផុតរបស់ខ្លួននៅអាស៊ីដែលមានចំនួនទឹកប្រាក់ ១៧,៥ ពាន់លានដុល្លារនៅប្រទេសឥណ្ឌាក្នុងរយៈពេល ៤ ឆ្នាំខាងមុខ ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធ Cloud និងបញ្ញាសិប្បនិម្មិតរបស់ប្រទេស។

លោក Satya Nadella នាយកប្រតិបត្តិបានបង្ហាញរឿងនេះលើសារបណ្តាញសង្គម X បន្ទាប់ពីបានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅទីក្រុងញូវដេលី។ លោក Nadella បាននិយាយថា ក្រុមហ៊ុន Microsoft កំពុងប្តេជ្ញាចិត្តវិនិយោគដើម្បីជួយប្រទេសឥណ្ឌាកសាងហេដ្ឋារចនាសម្ព័ន្ធ ជំនាញ និងសមត្ថភាពអធិបតេយ្យភាពត្រូវការសម្រាប់អនាគត AI របស់ខ្លួន។

ការប្រកាសនេះគូសបញ្ជាក់ពីការប្រកួតប្រជែងសកលដែលកំពុងកើនឡើងក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដើម្បីពង្រីកក្នុងប្រទេសឥណ្ឌាបានក្លាយជាទីផ្សារឌីជីថលដែលមានការរីកចម្រើនលឿនបំផុតមួយរបស់ពិភពលោក។

កាលពីខែតុលា ក្រុមហ៊ុន Google បាននិយាយថា ខ្លួននឹងវិនិយោគទឹកប្រាក់ ១៥ ពាន់លានដុល្លារនៅ ប្រទេសឥណ្ឌាក្នុងរយៈពេល៥ឆ្នាំខាងមុខ ដើម្បីបង្កើតមជ្ឈមណ្ឌល AI ដំបូងរបស់ខ្លួនក្នុងប្រទេសនព។ មជ្ឈមណ្ឌលនេះមានទីតាំងនៅភាគខាងត្បូងនៃទីក្រុង Visakhapatnam នឹងក្លាយជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលធំបំផុតរបស់ Google នៅទូទាំងពិភពលោក។

លោក Nadella កំពុងស្ថិតនៅប្រទេសឥណ្ឌាក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ ថ្ងៃ រួមមានការពិភាក្សាជាមួយអ្នកធ្វើគោលនយោបាយ ក៏ដូចជាការចូលរួមក្នុងព្រឹត្តិការណ៍ផ្តោតលើ AI នៅមជ្ឈមណ្ឌលបច្ចេកវិទ្យារបស់ប្រទេស Bengaluru និងរដ្ឋធានីហិរញ្ញវត្ថុ Mumbai។

ប្រទេសឥណ្ឌាបានកំណត់គោលដៅដ៏មហិច្ឆតាដើម្បីក្លាយជាមជ្ឈមណ្ឌលសកលឈានមុខគេសម្រាប់ការផលិត AI និងបន្ទះឈីប។ រដ្ឋាភិបាលបានដាក់ចេញនូវការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុមានគោលបំណងទាក់ទាញក្រុមហ៊ុនផលិតបន្ទះឈីបសកល និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីនៃការច្នៃប្រឌិតរបស់ប្រទេស ជំរុញការងារ និងកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យានាំចូល។

លោក Modi បាននិយាយនៅលើបណ្តាញសង្គម X បន្ទាប់ពីជួបជាមួយលោក Nadella ថា នៅពេលនិយាយអំពី AI ពិភពលោកមានសុទិដ្ឋិនិយមចំពោះប្រទេសឥណ្ឌា។ ផែនការវិនិយោគចុងក្រោយបំផុតរបស់ក្រុមហ៊ុន Microsoft នៅឥណ្ឌាគឺលើសពីការប្រកាសពីមុនរបស់ខ្លួននៅឆ្នាំនេះ ដោយវិនិយោគ ៣ ពាន់លានដុល្លារក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ cloud និង AI ក៏ដូចជាមជ្ឈមណ្ឌលទិន្នន័យថ្មី និងការបណ្តុះបណ្តាលជំនាញកម្លាំងពលកម្មក្នុងរយៈពេល ២ ឆ្នាំខាងមុខ៕

Most Popular

To Top