សិង្ហបុរី ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អតីតបុគ្គលិកម្នាក់ នៃក្រុមហ៊ុនលក់រាយប្រណីត Cortina Watch បានសារភាពនៅតុលាការ កាលពីសប្តាហ៍មុនថា លោកបានបោកប្រាស់ជនរងគ្រោះចំនួន ១៤ នាក់ក្នុងតម្លៃជិត ៤៩៥,០០០ ដុល្លារសិង្ហបុរី (៣៨០,០០០ ដុល្លារអាមេរិក) ដោយទាញយកប្រយោជន៍ពីតួនាទី របស់លោកសម្រាប់ការសន្យាថា នឹងផ្តល់នាឡិកាដ៏កម្រ ។
លោក Soh Jian Kun អាយុ ៣៣ ឆ្នាំ ធ្វើការនៅ Cortina Watch ចន្លោះឆ្នាំ ២០១៥ និង ២០២៥ បានអះអាងថា លោកអាចទទួលបាននាឡិកា ចង់បានតាមរយៈគម្រោង ទិញបុគ្គលិក ជាពិសេសតម្លៃជាង ២២,០០០ ដុល្លារសិង្ហបុរីសម្រាប់នាឡិកា Rolex Cosmograph Daytona មួយគ្រឿង និង ៣៥,៨០០ ដុល្លារសិង្ហបុរីសម្រាប់នាឡិកា Patek Philippe មួយគ្រឿង ។
នេះបើយោង តាមកាសែត The Straits Times បាននិយាយថា តាមពិតទៅ លោកមិនដែលមានបំណងទិញនាឡិកាទាំងនោះទេ ហើយផ្ទុយទៅវិញ បានប្រើប្រាស់ប្រាក់ ដើម្បីសងបំណុលដែលកំពុងកើនឡើង ។
នៅថ្ងៃទី ២ ខែមករា លោក Soh បានសារភាពកំហុស ចំពោះការចោទប្រកាន់ពីបទក្លែងបន្លំចំនួន ៤ ជាមួយនឹងជិត ៣០៦,០០០ ដុល្លារសិង្ហបុរី។ ការចោទប្រកាន់បន្ថែមចំនួន ១៣ ទាក់ទងនឹងចំនួនទឹកប្រាក់ ដែលនៅសល់នឹងត្រូវយកមកពិចារណាក្នុងអំឡុងពេលនៃការកាត់ទោសនៅថ្ងៃទី ៣ ខែកុម្ភៈ។ លោកបានសងប្រាក់វិញមួយផ្នែកចំនួន ១៣.០០០ ដុល្លារសិង្ហបុរីដល់ជនរងគ្រោះ ២ នាក់។
សរុបមក លោក Soh បានបោកប្រាស់ប្រាក់ចំនួន ៤៩៤,៥៨៣ ដុល្លារសិង្ហបុរីពីជនរងគ្រោះចំនួន ១៤ នាក់ ចន្លោះខែកញ្ញា ឆ្នាំ ២០២៤ និងខែកក្កដា ឆ្នាំ ២០២៥។
នេះបើយោងតាមការចុះផ្សាយ របស់ Channel News Asia ថា លោក Quek Lu Yi អនុព្រះរាជអាជ្ញាបានប្រាប់តុលាការថា លោក Soh បានប្រមូលបំណុលបន្ទាប់ពីទទួល បានកាតឥណទានច្រើន និងចំណាយប្រាក់យ៉ាងច្រើនលើទំនិញប្រណីត និងការធ្វើដំណើរ។ ទោះបីជាបានចុះឈ្មោះក្នុងកម្មវិធី បង្រួបបង្រួមបំណុលក៏ដោយ ក៏លោកមិនបានសងបំណុលវិញទេ ហើយក្រោយមកបានខ្ចីប្រាក់ ពីអ្នកឱ្យខ្ចីប្រាក់ដែលមានអាជ្ញាប័ណ្ណ៕
