បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានថ្លែងសំដៅទៅលើសកម្មភាព របស់សហរដ្ឋអាមេរិក នៅសមុទ្រខ្មៅនៅមុនថ្ងៃដោយកត់សម្គាល់ថា ការប្រើប្រាស់អាកាសចរណ៍ យុទ្ធសាស្ត្ររបស់ណាតូ នៅជិតទឹកដីរុស្ស៊ី គឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាម ក្រសួងការពារជាតិរុស្ស៊ី បានលើកឡើងកាលពីថ្ងៃសៅរ៍ថា កងកម្លាំងអាកាសរុស្ស៊ី បានរកឃើញជើងហោះហើរឈ្លបចំនួនបួន នៅជិតព្រំដែនរបស់ប្រទេសកាលពីថ្ងៃសៅរ៍។
សេចក្តីថ្លែងការណ៍ផ្លូវការ របស់ក្រសួងការពារជាតិរុស្ស៊ី បានអានថា “ប្រព័ន្ធរ៉ាដានៃកងកម្លាំងអវកាសរុស្ស៊ី និងកងនាវានៅសមុទ្រខ្មៅ បានរកឃើញ និងអមដំណើរជើងហោះហើរចំនួន 4 ដោយយន្តហោះឈ្លបយកការណ៍ របស់ប្រទេសសមាជិក របស់អង្គការណាតូ នៅក្នុងដែនអាកាសលើតំបន់សមុទ្រខ្មៅ ក្នុងរយៈពេល 24 ម៉ោងកន្លងមកនេះ” ។
ទីក្រុងមូស្គូក៏បានថ្កោលទោស សកម្មភាពអរិភាពរបស់ប្លុក ដោយសង្កត់ធ្ងន់ថា ពួកគេមិនបានរួមចំណែក ដល់បង្កើតស្ថិរភាពនៅក្នុងតំបន់សមុទ្រខ្មៅនោះទេ៕ប្រែសម្រួលៈ ណៃ តុល