ផ្សេងៗ

NATO ពិចារណាចាត់តាំងកងកម្លាំងទុកជាមុន សម្រាប់សមាជិកនៅក្រុមខាងកើត

ព្រុចសែល៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានឲ្យដឹងថា កងកម្លាំងជាក់លាក់អាចត្រូវបានចាត់តាំងជាមុនដល់ ប្រទេសជាក់លាក់មួយនៅ ប៉ែកខាងកើតនៃអង្គការសន្ធិសញ្ញាអាត្លង់ទិក ខាងជើង (NATO) ដើម្បីពង្រឹងការរារាំង និងការការពាររបស់សម្ព័ន្ធភាព ដើម្បីឆ្លើយតបទៅនឹងជម្លោះរុស្ស៊ី និងអ៊ុយក្រែន។

លោកបានលើកឡើងថា កងកម្លាំង នឹងមិនឈរជើងជាអចិន្ត្រៃយ៍ក្នុងប្រទេសដែល ពួកគេត្រូវបានចាត់តាំងនោះទេ ប៉ុន្តែនឹងហ្វឹកហាត់នៅទីនោះជាប្រចាំ ដើម្បីស្គាល់តំបន់ និងបង្កើនអន្តរប្រតិបត្តិការជាមួយកងកម្លាំងការពារជាតិ។ ពួកគេក៏នឹងត្រូវបាន ចាត់ចែងកិច្ចការជាក់លាក់ផងដែរ។

កងកម្លាំងដែលត្រូវបានចាត់តាំងជាមុន នឹងជាផ្នែកមួយនៃវិធានការជាបន្តបន្ទាប់ ដែលមានគោលបំណងពង្រឹងវត្តមាន សមត្ថភាព និងការត្រៀមខ្លួននៅលើផ្នែកខាងកើតរបស់អង្គការណាតូ។

លោក Stoltenberg បានបន្ដថា ទាំងនេះរួមមានការកើនឡើងនូវវត្តមានអចិន្ត្រៃយ៍នៃកងទ័ព និងទីបញ្ជាការ ក៏ដូចជាឧបករណ៍ត្រៀមទុកជាមុន និងឃ្លាំងអាវុធនៅលើកំពូលនៃកងកម្លាំង ដែលបានចាត់តាំងជាមុន។ ការការពារដែនអាកាស សមុទ្រ និងអ៊ីនធឺណិតក៏នឹងត្រូវបានពង្រឹងផងដែរ។

អង្គការ NATO បាននិងកំពុងបង្កើនវត្តមានរបស់ខ្លួន នៅលើផ្នែកខាងកើតរបស់ខ្លួន ចាប់តាំងពីមុនពេលជម្លោះរុស្ស៊ី និងអ៊ុយក្រែនផ្ទុះឡើង។ យោងតាមសេចក្តីប្រកាសព័ត៌មានមួយបានឱ្យដឹងថា “ចំនួនក្រុមសមរភូមិរបស់ណាតូ បានកើនឡើងទ្វេដងដល់ចំនួន ៨ ហើយកងទ័ពមានជាង ៤០០០០ នាក់ឥឡូវនេះស្ថិតនៅក្រោមការបញ្ជាផ្ទាល់របស់ណាតូ” ។

វិធានការថ្មី គឺស្ថិតនៅក្នុងរបៀបវារៈ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិរបស់អង្គការណាតូ កាលពីថ្ងៃពុធ ដែលរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Oleksii Reznikov គ្រោងនឹងធ្វើបច្ចុប្បន្នភាពសមភាគីរបស់លោក អំពីអ្វីដែលអ៊ុយក្រែនត្រូវការជាបន្ទាន់៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top