របាយការណ៍មួយបានព្រមានថាផ្ទាំងថ្មដ៏ធំ “Kissing rocks” ដ៏ល្បីល្បាញរបស់វៀតណាមនៅចំកណ្តាលឈូងសមុទ្រ Ha Long គឺប្រឈមនឹងហានិភ័យនៃការដួលរលំ។
ឈូងសមុទ្រ Ha Long នៅខេត្ត Quang Ninh មានកោះតូចៗរាប់រយ ដែលទាក់ទាញភ្ញៀវទេសចរចំនួន ៤ លាននាក់ក្នុងឆ្នាំ ២០១៩។ ថ្មភ្លោះដែលផុសចេញពីឈូងសមុទ្រ ហើយនៅពេលសង្កេតមើលទៅហាក់ដូចជាប៉ះ ឬ កំពុងថើបគ្នា មានការពេញនិយមយ៉ាងខ្លាំងពីអ្នកទស្សនា។ ប៉ុន្តែអ្នកជំនាញបានព្រមាននៅក្នុងរបាយការណ៍ខែកក្កដាថា ការកើនឡើងកម្រិតទឹកសមុទ្រ និងទូកនេសាទដែលធ្វើដំណើរជិតពេកកំពុងធ្វើឱ្យថ្មបាក់។
លោក Ho Tien Chung នៃវិទ្យាស្ថាន ធនធានរ៉ែរបស់វៀតណាម បាននិយាយថា ការនេសាទខុសច្បាប់ និងទេសចរណ៍គ្មានច្បាប់អនុញ្ញាតបាន ធ្វើទឹកហូរច្រោះថ្មកាន់តែច្រើនឡើងៗ។ ខណៈពេលដែលវិទ្យាស្ថានកំពុងធ្វើការស្រាវជ្រាវសម្រាប់របាយការណ៍នេះ កម្មករបានសង្កេតឃើញទូកទេសចរណ៍មួយបានឈប់នៅក្នុងចម្ងាយត្រឹមតែ ១៩ ម៉ែត្រពីកោះនេះ។ អ្នកជំនាញបានសង្កេតឃើញមានស្នាមប្រេះជ្រៅឆ្លងកាត់ផ្ទាំងថ្ម ដោយព្រមានថាពួកគេអាចដួលរលំបាន ប្រសិនបើមិនមានវិធានការណ៍ដើម្បីការពារពួកគេ ហើយអាចបង្កហានិភ័យនៃការបាក់ស្រុត ប្រសិនបើគ្មានវិធានការការពារ និងពង្រឹងបន្ថែមទៀតក្នុងពេលឆាប់ៗនេះ។
កោះតូចៗនៅក្នុងឈូងសមុទ្រត្រូវបានរងការខូចខាតជាយូរមកហើយដោយការហូរច្រោះឆ្នេរសមុទ្រ ហើយតំបន់ទេសចរណ៍សំខាន់ៗមួយចំនួនទៀតត្រូវបានខូចខាតយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារទឹកសមុទ្រដែលបក់បោក។ ដើម្បីទប់ទល់នឹងផលប៉ះពាល់ របាយការណ៍នេះបានជំរុញឱ្យមន្ត្រីដាក់ចេញបទប្បញ្ញត្តិថ្មីដល់ឈូងសមុទ្រ រួមទាំងការកំណត់ល្បឿនទូកឆ្លងកាត់ឱ្យនៅត្រឹម 5-10kmh៕
ប្រភព៖sabay