សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងគណៈប្រតិភូ បានធ្វើដំណើរទៅដល់ក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ រថយន្តដែលដឹកសម្តេច ហ៊ុន ម៉ាណែត និងគណៈប្រតិភូ គឺសុទ្ធតែជារថយន្តប្រណីតស៊េរីថ្មី ជាពិសេសគឺជាប្រភេទរថយន្តអគ្គិសនីតែម្តង។

រថយន្តដែលបានដឹកសម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី គឺជារថយន្តអគ្គិសនី BMW i7 xDrive60 Gran Lusso។ បើយោងតាមវេបសាយ VOI Indonesia បានឱ្យដឹងថា ក្រុមហ៊ុន BMW ប្រចាំប្រទេសឥណ្ឌូណេស៊ី បានប្រគល់រថយន្តនេះ ចំនួន ៣៦គ្រឿង ជូនរដ្ឋាភិបាល ដើម្បីបម្រើសេវាដឹកបណ្តាមេដឹកនាំប្រទេសនានាដែលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននេះ។

រថយន្តអគ្គិសនីនេះ បំពាក់បច្ចេកវិទ្យា BMW eDrive ជំនាន់ទី៥ ដែលជំរុញដល់ការសាកភ្លើងយ៉ាងលឿនពី ១០ ទៅ ៨០% ប្រើពេលត្រឹមតែ ៣៤នាទីប៉ុណ្ណោះ។ វាបំពាក់ម៉ូទ័រអគ្គិសនីពីរទាំងនៅខាងមុខ និងខាងក្រោយ ផលិតបានកម្លាំងសរុប ៥៤៤សេះ និងកម្លាំងរមួល ៧៤៥ញូតុនម៉ែត្រ ជាន់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រ ប្រើពេល ៤,៧វិនាទី។ ជាមួយគ្នានេះ អាគុយរបស់វាមានទំហំ ១០១,៧គីឡូវ៉ាត់ម៉ោង អាចធ្វើដំណើរបានដល់ជាង ៦០០គីឡូម៉ែត្រ ពេលសាកពេញម្តង។
សូមជម្រាបថា ក្រៅពីរថយន្តអគ្គិសនីរបស់ BMW ក៏មានរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន៣ផ្សេងទៀតដែរ ដែលត្រូវបានដាក់សម្រាប់បម្រើសេវាដឹកគណៈប្រតិភូ រួមមាន Toyota BZ4X, Hyundai Ioniq 5 និង Ioniq 6 និង Wuling AirEVដែលសម្រាប់ប្រើប្រាស់ប្រតិបត្តិការទូទៅ៕


ប្រភព៖ sabay
