ផ្សេងៗ

ឃើញ​ឥណ្ឌា​ជោគជ័យ! ជប៉ុន ​​ក៏​បាញ់​យាន​​ទៅចុះចត​ភពព្រះចន្ទដែរ​ហើយ ដើម្បី​បង្កើន​អនុភាពមហា​អំណាច​អវកាស​របស់ខ្លួន​

នៅថ្ងៃទី៧​ ខែកញ្ញា​នេះ ជប៉ុន​បានបាញ់​បង្ហោះយាន​អវកាស ដើម្បីទៅចុះចត​នៅលើផ្ទៃដីភពព្រះចន្ទ ក្នុងគោលបំណង​ក្លាយ​ជាប្រទេសទី៥ ដែលអាច​ចុះចតយាន​លើភពនេះ បន្ទាប់ពី​ឥណ្ឌា​សម្រេច​បាន​ជោគជ័យកាលពីពេលថ្មីៗនេះ។

ភ្នាក់ងារ​អវកាសជប៉ុន JAXA បាន​ឱ្យដឹងថា គ្រាប់រ៉ុក្កែត​ដែល​ផលិតក្នុងស្រុក H-IIA ត្រូវបាន​បាញ់​បង្ហោះចេញពីមជ្ឈមណ្ឌល​អវកាស​ Tanegashima ភាគខាងត្បូង​ប្រទេសជប៉ុន ដោយបានដឹក​យាន SLIM (Smart Lander for Investigating Moon) ឬហៅថា «Moon Sniper» និង​បាន​បញ្ចេញ​វាដោយ​ជោគជ័យ​ក្នុងទី​អវកាស។

ក្នុង​បេសកម្ម​ដែល​ចំណាយ ១០០លានដុល្លារ​នេះ ភ្នាក់ងារ​អវកាស​ជប៉ុន​មាន​គោលបំណង​ធំ​មួយគឺ​ធ្វើយ៉ាងណាឱ្យការចុះចត​ស្ថិត​ក្នុងភាពត្រឹមត្រូវ​កម្រិតខ្ពស់ ពោលគឺ​មិន​ឱ្យយាន​ចុះចត​នៅឆ្ងាយលើសពីចម្ងាយ​១០០ម៉ែត្រ​ ពីទីតាំងដែល​បាន​កំណត់នោះទេ។ មានន័យថា «ចង់ចុះចត​កន្លែងណា​ក៏បាន ឱ្យតែខ្លួនចង់»។

យាន​ SLIM ត្រូវបាន​រំពឹងថា នឹងអាច​ចុះចត​លើផ្ទៃដីភព​ព្រះចន្ទ​ត្រឹមខែកុម្ភៈ ឆ្នាំ​២០២៤ ដោយ​គ្រោង​ចុះនៅ​ជិត​តំបន់​មួយហៅថា Mare Nectaris។ បន្ទាប់ពីចុះចត​ យាន​នេះ​នឹងធ្វើការ​វិភាគ​សមាសភាគ​ថ្ម​ភពព្រះចន្ទ​នៅទីតាំងនោះ ដើម្បី​ស្វែងយល់​ពីប្រភព​នៃការកកើត​ឡើង​របស់​ភពព្រះចន្ទ។

គួរ​បន្ថែម​ថា ក្រៅពី​យាន​ SLIM គ្រាប់រ៉ុកកែត H-IIA នេះ​ក៏​បាន​ដឹកទៅជាមួយនូវ​ផ្កាយរណប XRISM (X-Ray Imaging and Spectroscopy Mission) ផងដែរ ដែល​ជាគម្រោងរួមគ្នារបស់ JAXA, NASA និង​ភ្នាក់ងារ​អវកាស​អឺរ៉ុប។ ផ្កាយរណប​នេះ មាន​បេសកកម្ម​អង្កេត​ខ្យល់​ផ្លាស្មា ដែលឆ្លងកាត់ចក្រវាល ដែល​អ្នកវិទ្យាសាស្រ្ត​យល់ឃើញ​ថា ជាគន្លឹះ​មួយ​ក្នុងការស្វែងយល់​ពីការវិវត្ត​របស់​ផ្កាយ និងហ្គាឡាក់ស៊ី៕

ប្រភព៖sabay

Most Popular

To Top