១-តមទទួលទានអាហារដែលមានក្លិនឆួលបារីនិងស្រា
មើមខ្ទឹមនិងខ្ទឹមបារាំងសម្បូរទៅដោយជាតិស៊ុលហ្វីដ (Sulfide)។ ក្រោយពេលទទួលទានរួចមកក៏ត្រូវពោះវៀនស្រូបយកអស់ហើយឆ្លងតាមរយៈប្រព័ន្ធឈាមក៏បញ្ចូលទៅដល់សួតទើបបញ្ចេញមកក្រៅរាងកាយវិញក៏បង្កើតបានជាក្លិនស្អុយមាត់។
ម្យ៉ាងវិញទៀតចំពោះចំណីអាហារដែលមានជាតិហិរដូចជាម្ទេសខ្ញីបារីនិងសុរាងាយនឹងបង្កើនការបញ្ចេញញើសហើយក៏បង្កើននូវក្លិនខ្លួនអាក្រក់។
២- ត្រូវទទួលទានបន្លែស្រស់និងផ្លែឈើឲ្យបានច្រើន
ចំពោះចំណីអាហារដែលមានរសជាតិឆួល និងខ្លាញ់ច្រើនគឺបណ្តាលឲ្យប្រព័ន្ធរំលាយអាហារ ដំណើរការមិនបានស្រួលព្រមទាំងមានក្លិនស្អុយមាត់ទៀតផង។
ដូច្នេះលោកអ្នកគប្បីទទួលទានបន្លែស្រស់ និងផ្លែឈើឲ្យបានច្រើនព្រោះវាអាចជួយសម្រួលក្នុងការបត់ជើងធំ។ ម៉្យាងវិញទៀតនៅក្នុងបន្លែស្រស់ និងផ្លែឈើសម្បូរទៅដោយជីវជាតិA និង C ដែលអាចការពារកុំឲ្យកើតជំងឺរាក់ស៊ីធ្មេញ ព្រមទាំងមិនឲ្យមានក្លិនស្អុយមាត់ទៀតផង។
មនុស្សយើងកាលណាមានកង្វះខាតសារធាតុស័ង្កសី(Zinc) អាចជះឥទ្ធិពលអាក្រក់ដល់សមត្ថភាពនៃការបញ្ចេញជាតិពុលពីក្នុងរាងកាយក៏ជាហេតុបណ្តាលឲ្យរាងកាយមានក្លិនមិនល្អ។ដូច្នេះលោកអ្នកអាចទទួលទានសាច់គោឬក៏ពងមាន់ដើម្បីជួយប៉ូវបន្ថែម។
៣-ក្នុងមួយថ្ងៃត្រូវទទួលទានទឹក៨កែវ
ទឹកមាត់ឬក៏កំហាកអាចនាំមេរោគចេញពីក្រអូមមាត់។ការបន្ថយទម្ងន់ការទទួលទានសុរានិងជំងឺផ្តាសាយអាចបណ្តាលឲ្យស្ងួតបំពង់កនិងមានក្លិនមាត់មិនល្អ។
ដូច្នេះលោកអ្នកត្រូវទទួលទានទឹកឲ្យបានច្រើន (មួយថ្ងៃ៨កែវ) ឬក៏បៀមស្ករកៅស៊ូដើម្បីធ្វើឲ្យទឹកមាត់រអិលនិងក្រអូមមាត់មានក្លិនប្រហើរឡើងវិញ។
៤- វិធីរក្សាក្លិនខ្លួនតាមក្បួនចិនសែ
- ក្លិនស្អុយមាត់ៈអ្នកត្រូវបៀមស្លឹកតែ៣-៤ត្រួយរួចហើយទំពារយឺតៗម្យ៉ាងទៀតលោកអ្នកអាចទទួលទានទឹកផ្លែថ្លុង និងទឹកការ៉ុតដើម្បីកំចាត់ធាតុក្តៅនិងបំបាត់ក្លីនអាក្រក់។
- ក្លិនស្អុយក្លៀកៈអ្នកត្រូវប្រើមើមខ្ញី (ហាន់ជាបន្ទះៗ) យកមកជូតនៅត្រង់ក្លៀកក្នុងមួយថ្ងៃជូត ២ដង។
- ក្លិនស្អុយជើងៈត្រូវដាក់សាច់ជូរស ១ដុំទម្ងន់៦០ ក្រាមត្រាំទៅក្នុងទឹកមួយចានកាធុន (ធំល្មម) ។បន្ទាប់មកត្រាំជើងនៅក្នុងកាធុននោះ។ត្រាំមួយថ្ងៃ១ ដងហើយត្រាំម្តងៗក្នុងរយៈពេល៣០នាទី។ត្រាំរបៀបនេះជាបន្តបន្ទាប់រហូតដល់ ៣ ទៅ ៥ ថ្ងៃទើបមានប្រសិទ្ធភាពអាចបំបាត់ក្លិនជើងស្អុយបាន។
ដោយ៖ ហង្ស សុបញ្ញា