អ៊ីតាលី ៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ CNN បានប្រាប់ឲ្យដឹងថា វីឡា Tuscan ជាកន្លែងវិស្សមកាលជាទីពេញចិត្តសម្រាប់ម្ចាស់ក្សត្រី Victoria ហើយទីនេះបានពិពណ៌នា នៃស្នាដៃដ៏អស្ចារ្យបំផុតមួយនៃអក្សរសិល្ប៍អ៊ីតាលី Villa Palmieri ស្ថិតនៅជាប្រវត្តិសាស្ត្រ ហើយឥឡូវនេះ ត្រូវបានប្រកាសលក់ជាផ្លូវការ ក្នុងតម្លៃជាង ៥០ លានអឺរ៉ូ (៥៥ លានដុល្លារ) ។
នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ បានផ្ញើទៅទូរទស្សន៍ CNN ដោយក្រុមហ៊ុន Dreamer Real Estate ដែលកំពុងគ្រប់គ្រងការលក់នេះថា វីឡានេះស្ថិតនៅលើភ្នំ នៅជាយក្រុង Florence លាតសន្ធឹងលើផ្ទៃដី ៤,០០០ ម៉ែត្រការ៉េ ខណៈសួនច្បាររបស់វាមានទំហំជិត ៩ហិកតា ដែលធ្វើឲ្យវាក្លាយជាសួនឧទ្យានធំជាងគេទី២ ក្នុងទីក្រុង។
ភ្ញៀវអាចទៅនៅទីនេះតាមរយៈឧទ្ធម្ភាគចក្រ មុនពេលរីករាយនឹងទីលានវាយកូនបាល់ មានសួនច្បារដ៏ខៀវស្រងាត់ និង អាងហែលទឹកបុរាណមួយ។ ទន្ទឹមនឹងនោះ នៅខាងក្នុងផ្ទះមានបន្ទប់គេង ២៣ និងបន្ទប់ទឹកចំនួន ១៩ ហើយអ្វីៗទាំងអស់ មានផ្នែកខាងក្នុងសុទ្ធតែ របស់យ៉ាងប្រណិត។
វីឡានេះមានអាយុកាលតាំងពីសតវត្សទី ១៤ ហើយត្រូវបានគ្រប់គ្រងដំបូងដោយគ្រួសារ Fini មុនពេលវាត្រូវបានទិញនៅឆ្នាំ ១៤៥៤ ដោយលោក Matteo di Marco Palmieri ដែលបានខ្ចីឈ្មោះរបស់លោកទៅអចលនទ្រព្យ។ នៅឆ្នាំ ១៧៦០ ត្រូវបានគ្រប់គ្រងដោយអង់គ្លេស នៅពេលEarl Cowper ទី៣ បានទិញវិទ្យានេះ ហើយវាត្រូវបានគ្រប់គ្រងជាបន្តបន្ទាប់ដោយលោក Earl of Crawford និង Balcarres ។
នៅអំឡុងពេលនោះ ម្ចាស់ក្សត្រី Victoria បានមកទស្សនាជាលើកដំបូង ដោយស្នាក់នៅផ្ទះវីឡានេះ រយៈពេលមួយខែក្នុងឆ្នាំ ១៨៨៨ មុនពេលត្រឡប់មកវិញ នៅឆ្នាំ ១៨៩៣ និង១៨៩៤។ ផ្ទាំងគំនូររម្លឹកពេលវេលា របស់ម្ចាស់ក្សត្រី នៅតែអាចមើលឃើញ នៅលើដើមឈើមួយចំនួន នៅក្នុងសួនច្បារ ។
កាសែត New York Times បាននិយាយថា ម្ចាស់ក្សត្រី Victoria បានមានព្រះបន្ទូលថា ព្រះនាងមានភាពសុខស្រួលដែលបានរស់នៅក្នុងផ្ទះនេះ ដោយព្រះនាងបានរៀបចំគ្រែមួយ កៅអីដៃពីរ សាឡុង តុសរសេរ និងបន្ទប់ទឹកសម្រាប់អង្គុយមុនពេលស្នាក់នៅ រួមជាមួយនឹងគ្រឿងសង្ហារឹមផ្សេងទៀត និងរូប ២ នាក់របស់ប្តីចុង គឺព្រះអង្គម្ចាស់ Prince Albert ៕