ភ្នំពេញ៖ការប្រកួតកីឡាចំបាប់សម័យ-បុរាណ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ មានកីឡាករ-កីឡាការិនីចំបាប់ ១១០ នាក់មកពី១៤ សមាគម ក្លឹបកីឡាចំបាប់ ក្រសួង មន្ទីរ រាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ នៅសាលហ្វឹកហាត់ដំបូលទូកក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ការប្រកួតនេះរៀបចំសហព័ន្ធកីឡាចំបាប់កម្ពុជាក្រោមការប្រើប្រស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំពីក្រសួងអប់រំ យុវជន និងកីឡា និងតាមផែនការសកម្មភាពប្រចាំឆ្នាំ សហព័ន្ធ កីឡាចំបាប់កម្ពុជាបាន។

ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិនេះ កីឡាករ-កីឡាការិនីចំបាប់ ១១០ នាក់ មកពី១៤ សមាគម និងក្លឹបកីឡាចំបាប់ ក្នុងនោះប្រតិភូ ១២ នាក់ គ្រូបង្វឹក ១៨ នាក់ កីឡាករ ៦៧ នាក់ កីឡាការិនី៤៣ នាក់ និងគណៈកម្មការ២០ នាក់ សរុប១៦០នាក់។ ចំពោះ១៤ សមាគម និងក្លឹបកីឡាចំបាប់ រួមមានក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្លឹបឃ្លាំងមឿងកីឡា ខេត្តពោធិ៍សាត់ ក្លឹបព្រះធាតុកីឡា ខេត្តពោធិ៍សាត់ ក្លឹបចំបាប់បាទី ខេត្តតាកែវ និងក្លឹបកីឡាចំបាប់ ខេត្តត្បូងឃ្មុំ ។
ក្លឹបចំបាប់បារមីមេទ័ពម៉ឺនឯក ខេត្តកណ្តាល ចំបាប់សមាគមវិហារសួគ៌ ខេត្តកណ្តាល ក្លឹបបក្សីចាំក្រុង ខេត្តកណ្តាល ក្លឹបគិរីបារមីដំរីមានរិទ្ធ ខេត្តកំពង់ឆ្នាំង ក្លឹបចំបាប់តាគប់មានរិទ្ធ ខេត្តកំពង់ឆ្នាំង ក្លឹបចំបាប់ឬទ្ធីសែន ខេត្តកំពង់ឆ្នាំង ក្លឹបចំបាប់យាយព្រីងមានរិទ្ធ ខេត្តកំពង់ឆ្នាំង និងក្លឹបចំបាប់ប្រយ៉ាប់មានរិទ្ធ ខេត្តកំពង់ឆ្នាំង
ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិនេះយោងតាមបទបញ្ជាការប្រកួតកីឡាចំបាប់ពិភពលោក (UWW) សហព័ន្ធកីឡាចំបាប់កម្ពុជាបានបែងចែក និងវិញ្ញាសារួមមានចំបាប់សម័យក្នុងនោះប្រភេទវិញ្ញាសាចំបាប់សេរី បុរស៖ប្រភេទទម្ងន់ក្រោម ៦១គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៧៤គីឡូក្រាម និងប្រភេទទម្ងន់សេរី ៨៦ គីឡូក្រាមឡើងទៅ។ ចំណែកប្រភេទវិញ្ញាសាចំបាប់សេរី ស្ត្រី៖ ប្រភេទទម្ងន់ក្រោម ៥៣ គីឡូក្រាម និងប្រភេទទម្ងន់ក្រោមសេរី ៥៥ គីឡូក្រាមឡើងទៅ។

ប្រភេទវិញ្ញាសាចំបាប់ក្រិចកូរ៉ូម៉ាំង៖ប្រភេទទម្ងន់សេរី ៨៧ គីឡូក្រាមឡើងទៅ។ លក្ខខណ្ឌតម្រូវ ៖កីឡាករ កីឡាការិនីហ្វឹកហាត់កីឡាចំបាប់សម័យទាំងអស់គ្រប់ក្លឹប មានសិទ្ធិចូលរួមប្រកួត ។ ការកម្រិតអាយុអនុលោមភាពតាមសហព័ន្ធកីឡាចំបាប់ពិភពលោក ។ កីឡាករ-កីឡាការិនីចំបាប់មានចំនួនតិច អនុញ្ញាតឲ្យក្លឹប សមាគមទាំងអស់មានសិទ្ធិចុះឈ្មោះ តាមលទ្ធភាព ដែលមានក្នុងប្រភេទវិញ្ញាសាបានចែងខាងលើ ។ មិនអនុញ្ញាតឲ្យកីឡាករ កីឡាការិនីចំបាប់បុរាណចុះឈ្មោះប្រកួតកីឡាចំបាប់សម័យឡើយ ។ កីឡាករ-កីឡាការិនីម្នាក់ អាចប្រកួតបានតែពីរប្រភេទទម្ងន់តែប៉ុណ្ណោះ ។


រីឯចំបាប់បុរាណខ្មែរ ប្រភេទវិញ្ញាសា៖ចំបាប់បុរាណ បុរស ប្រភេទទម្ងន់ក្រោម ៦៥ គីឡូក្រាម និងប្រភេទទម្ងន់សេរី ៧០ គីឡូក្រាមឡើងទៅ។ ចំបាប់បុរាណស្រ្តី៖ប្រភេទទម្ងន់សេរី ៥០ គីឡូក្រាមឡើងទៅ។ លក្ខខណ្ឌតម្រូវ៖កីឡាករ-កីឡាការិនីដែលចូលរួមប្រកួតចំបាប់បុរាណត្រូវមានកាយសម្បទាមាំមួន និងសុខភាពបរិបូរណ៍ ។ កីឡាករ-កីឡាការិនី ម្នាក់មានសិទ្ធប្រកួតតែមួយប្រភេទទម្ងន់តែប៉ុណ្ណោះ ។

ក្លឹបមកពីបណ្តាខេត្ត មានសិទ្ធដាក់កីឡាករ កីឡាការិនី តែម្នាក់ប៉ុណ្ណោះក្នុងមួយប្រភេទទម្ងន់ ។ អតីតកីឡាករ កីឡាការិនីជម្រើសជាតិ មិនអាចចូលរួមប្រកួតវិញ្ញាសាចំបាប់បុរាណបានទេ ហើយក្លឹប-សមាគមកីឡាចំបាប់បុរាណទាំងអស់អាចចុះឈ្មោះកីឡាករ-កីឡាការិនីតែម្នាក់ប៉ុណ្ណោះក្នុង១ប្រភេទទម្ងន់។ ចំណែកចំបាប់យុវជនអាយុក្រោម ១៥ឆ្នាំ ប្រភេទវិញ្ញាសា៖ចំបាប់សម័យ កុមារា ប្រភេទទម្ងន់ក្រោម ៣៩ គីឡូក្រាម និងប្រភេទទម្ងន់សេរី ៤៥ គីឡូក្រាមឡើងទៅ និងចំបាប់សម័យ កុមារី ប្រភេទទម្ងន់ក្រោម ៤២ គីឡូក្រាម។លក្ខខណ្ឌតម្រូវ ៖កីឡាករ-កីឡាការិនីដែលចូលរួមប្រកួតចំបាប់សម័យត្រូវមានកាយសម្បទាមាំមួន និងសុខភាពបរិបូរណ៍ ។

កីឡាករ-កីឡាការិនី ម្នាក់មានសិទ្ធប្រកួតតែមួយប្រភេទទម្ងន់តែប៉ុណ្ណោះ ។ក្លឹបមកពីបណ្តាខេត្ត មានសិទ្ធដាក់កីឡាករ-កីឡាការិនី តែម្នាក់ប៉ុណ្ណោះក្នុងមួយប្រភេទទម្ងន់ ។ កីឡាករ- កីឡាការិនី ដែលចូលរួមប្រកួតត្រូវមានអាយុក្រោម ១៥ឆ្នាំ (កើតឆ្នាំ២០១០) ។ កីឡាករ-កីឡាការិនី ត្រូវយកសំបុត្រកំណើតមកផ្ទៀងផ្ទាត់ពេលថ្លឹងទម្ងន់៕
ដោយ៖លី ភីលីព
