កីឡា

អាមេរិក ប្រកាសពីការធ្វើពហិកា ការទូតកីឡា អូឡាំពិក រដូវរងាទីក្រុងប៉េកាំង

វ៉ាស៊ីនតោន ៖ រដ្ឋបាលសហរដ្ឋអាមេរិក របស់ប្រធានាធិបតីលោក ចូ បៃដិន បានប្រកាសថា ខ្លួនបានសម្រេចចិត្ត លើការធ្វើពហិកា ការទូត នៃព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុងប៉េកាំង នៅឆ្នាំក្រោយ ក្នុងការបង្ហាញ​ការតវ៉ាជុំវិញ ការរំលោភសិទ្ធិមនុស្ស របស់ប្រទេសចិន ប្រឆាំងនឹងជនជាតិ ភាគតិចមូស្លីម អ៊ុយហ្គ័រ និងអ្នកដទៃទៀត។

អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសថា រដ្ឋបាលលោក បៃដិន នឹងមិនបញ្ជូន អ្នកការទូត ឬតំណាងផ្លូវការ ណាមួយ ទៅកាន់កីឡាអូឡាំពិករដូវរងា និងប៉ារ៉ាឡាំពិក ទីក្រុងប៉េកាំង ឆ្នាំ២០២២ ឡើយ”។

អត្តពលិកអាមេរិក នឹងនៅតែត្រូវបានអនុញ្ញាត ឱ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ កីឡាពិភពលោក ដែលគ្រោងនឹងចាប់ផ្តើម នៅថ្ងៃទី០៤ ខែកុម្ភៈ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

លោក Psaki បានប្រាប់សន្និសីទសារព័ត៌មានមួយថា សកម្មភាពនេះគឺមានបំណងផ្ញើ “សារច្បាស់លាស់” ដែលសហរដ្ឋអាមេរិក មិនអាចដំណើរការ “អាជីវកម្មដូចធម្មតា” ដោយសារការរំលោភសិទ្ធិមនុស្ស របស់ចិន ដែលទីក្រុងវ៉ាស៊ីនតោន បានដាក់ឈ្មោះថា “ជាអំពើប្រល័យពូជសាសន៍” ។

លោកស្រី Psaki បានលើកឡើងថា សហរដ្ឋអាមេរិក បានជូនដំណឹងដល់សម្ព័ន្ធមិត្តរបស់ខ្លួនអំពីការសម្រេចចិត្តហើយ “យើងនឹងទុកវាឱ្យពួកគេ ដើម្បីធ្វើការសម្រេចចិត្ត ដោយខ្លួនឯង” ។ ប្រទេសមួយចំនួនដូចជាអូស្ត្រាលី និងអង់គ្លេសត្រូវបានគេរាយការណ៍ថា កំពុងពិចារណាធ្វើពហិកា ការទូតផងដែរ។

នៅទីក្រុងតូក្យូ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលនឹងធ្វើការសម្រេចចិត្តមួយ ខណៈដែលគិតគូរ ពីផលប្រយោជន៍ជាតិ របស់ប្រទេស និងសារៈសំខាន់ នៃព្រឹត្តិការណ៍នេះ ។

ប្រទេសចិន បានស្ថិតនៅក្រោមការត្រួតពិនិត្យ ជាអន្តរជាតិជុំវិញការប្រព្រឹត្ត របស់ខ្លួនលើជនជាតិអ៊ុយហ្គ័រ និងក្រុមជនជាតិភាគតិចផ្សេងទៀតនៅក្នុងតំបន់ ស៊ីនជាំង ភាគខាងលិចឆ្ងាយរបស់ខ្លួន។ រដ្ឋាភិបាល អាមេរិក បានចោទអាជ្ញាធរចិន ពីការឃុំខ្លួន តាមអំពើចិត្ត ទ្រង់ទ្រាយធំ ការបង្ខំ ឲ្យក្រៀវ និងការបង្ខំឲ្យ ធ្វើ ពលកម្ម ក្នុងចំណោម ការរំលោភ បំពានផ្សេងៗទៀត៕

ដោយ ឈូក បូរ៉ា

Most Popular

To Top