កីឡា

លោក តែម ម៉ឺន ជាប្រធាន​ សហព័ន្ធអាណត្តិថ្មី បន្តទៀត ២០២១-២០២៥

ភ្នំពេញ: លោក តែម ម៉ឺន បានក្លាយ ជាប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរអាណត្តិថ្មីមួយ អាណត្តិបន្តទៀត គឺអាណត្តិទី៧ ឆ្នាំ២០២១- ២០២៥ បន្ទាប់ពីសមា ជិកប្រតិបត្តិ និងក្លិបទូទាំងប្រទេស សម្រេចផ្តល់ការគាំទ្រជូននៅក្នុងមហាសន្និបាត បញ្ចប់អាណត្តិទី៦ កាលពីល្ងាចមិញនេះ ។

សម្រាប់អាណត្តិថ្មីទី៧ ឆ្នាំ២០២១- ២០២៥ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបង្កើនសមាជិកគណៈកម្មាធិការ ប្រតិបត្តិរហូតដល់ ចំនួន១៩ នាក់ ដែលអាណត្តិចាស់ មានត្រឹម១៣នាក់ ក្នុងនោះ លោក តែម ម៉ឺន ជាប្រធាន លោកវ៉ាស៊ិន ភីរម្យ អនុប្រធានទី១ លោកសាស្ត្រាចារ្យវេជ្ជ បណ្ឌិត ឆឹង យ៉ៅយ៉េន អនុប្រធាន លោកសាស្ត្រាចារ្យ ម៉ិល កាដូ អនុប្រធាន លោកនិន ភិរម្យ អនុប្រធាន លោក ប៉ែន ស៊ីនេត អនុប្រធាន លោក ហួត សេងទ្រី អនុប្រធាន លោក ហេង សុខឃន អគ្គលេខាធិការ លោក ទុយ ប៊ុនហឿន អគ្គលេខាធិការរង លោក ផេង វណ្ណៈ អគ្គហេរញ្ញិក និង៩រូបទៀត ជាសមាជិក រួមមានលោក ច័ន្ទ សុទ្ធ-លោក មាស សុខគី-លោក ពេជ្រ សូផែន -លោក ថុក ប៊ុនធឿន-លោក ទេស សូ-លោកស្រី ប៉ឹង សំអាង -លោក ជួន សុខវ៉ាន់ឌី-លោក ពៅ វណ្ណនិងលោក អ៊ិន ខេមរិន្ទ ។

លោក អ៊ុក សិទ្ធីជាតិ អគ្គនាយក នៃអគ្គ នាយកដ្ឋានកីឡា ក្រសួងអប់រំ យុវជននិង កីឡា ដែលបាន ចូលរួមជាអធិបតី និងជាសាក្សី ក្នុង មហាសន្និបាតបញ្ចប់អាណត្តិ របស់សហព័ន្ធប្រដាល់គុន ខ្មែរ បានមាន ប្រសាសន៍ដោយ ផ្តាំផ្ញើ ឲ្យសហព័ន្ធយកចិត្ត ទុកដាក់ពង្រឹងនិងពង្រីក ក្លឹបប្រដាល់ នៅទូទាំងប្រទេស ឲ្យកាន់តែរឹងមាំថែមទៀត ស្របតាមផែនការកំណែទម្រង់ សហព័ន្ធឆ្ពោះទៅព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅប្រទេសកម្ពុជា ។

លោកម៉ឺន ដែលជាប់ជាប្រធានមួយអាណត្តិទៀត បានបញ្ជាក់និងប្តេជ្ញាថា សម្រាប់អាណត្តិថ្មីនេះ អ្វីដែលធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍រួម ហើយសមាជិកដែលអសកម្ម សហព័ន្ធ ត្រូវតែធ្វើសកម្មភាពហ៊ាន វះកាត់ជាដាច់ខាត ដើម្បីអភិឌ្ឍន៍ប្រភេទកីឡាប្រដាល់គុនខ្មែរ ក្នុងគោលដៅដណ្តើមមេដាយមាស ប្រាក់ និងសំរិទ្ធ ជូនប្រទេសជាតិ ។

លោកបានបន្តថា សព្វថ្ងៃកីឡាប្រដាល់ គុនខ្មែរ ជាប្រភេទកីឡាមានសក្តានុពល និងមានប្រជាប្រិយ នៅកម្ពុជា ព្រមទំាងឈានទៅដណ្តើមមេដាយ ក្នុងការប្រកួតកម្រិតតំបន់ ជាពិសេសព្រឹត្តិការណ៍ ប្រកួតកីឡា SEA GAMES 2023 លើកទី៣២ តែម្តង ។

សូមបញ្ជាក់ថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នាល្ងាចថ្ងៃទី១០ខែធ្នូ ឆ្នាំ២០២១ នេះ បានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី៦ឆ្នាំ២០១៧-២០២១ និងបន្តអាណត្តិទី៧ ឆ្នាំ២០២១-២០២៥ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ដោយមានការចូលរួមជាអធិបតី ពីសំណាក់លោក អ៊ុក សិទ្ធីជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា តំណាងក្រសួងអប់រំ យុវជននិងកីឡា ។ សមាជិកប្រតិបត្តិ សហព័ន្ធអាណតិ្តចាស់ និងអ្នកតំណាងក្លិបប្រដាល់សកល នៅទូទាំងប្រទេស ដែលចូលរួមបានសម្រេច អនុម័តជាកញ្ចប់ជ្រើសរើសលោកតែម ម៉ឺន ប្រធានអាណត្តិចាស់ ជាប្រធានសហព័ន្ធអាណត្តិថ្មី ទី៧ ឆ្នាំ ២០២១-២០២៥ បន្តទៀត ៕ដោយ:លី ភីលីព

Most Popular

To Top