ភ្នំពេញ៖ នាថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២១ ខេមរសហព័ន្ធតេក្វាន់ដូ WT បានប្រកាសបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកតេក្វាន់ដូ WT ថ្នាក់ជាតិឆ្នាំ២០២១ ត្រៀមការប្រកួតជ្រើសរើសជើងឯកកីឡាតេក្វាន់ដូ WT ថ្នាក់ជាតិប្រចាំឆ្នាំ២០២១ នាខែធ្នូ ឆ្នាំ២០២១ នៅសាលា ACE ចាក់អង្រែក្រោម រាជធានីភ្នំពេញរៀបចំដោយខេមរសហព័ន្ធតេក្វាន់ដូ WTក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភក្រសួងអប់រំ យុវជន និងកីឡា ។
ក្នុងឳកាសបិទវគ្គខាងលើនេះ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានខេមរសហព័ន្ធតេក្វាន់ដូ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូលោក ម៉ៅ ស្រេង ប្រធានស្ថាប័ន IDP & ACE កម្ពុជា និងជាអនុប្រធានខេមរសហព័ន្ធតេក្វាន់ដូ និងលោក ទុយ វិច្ឆិកា ប្រធានការិយាល័យកីឡាទំនើប តំណាងលោក ហ៊ុន សាមុត នាយដ្ឋានអប់រំកាយ និងកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា។
លោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការខេមរសហព័ន្ធកីឡាតេក្វាន់ដូ WTបានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកតេក្វាន់ដូWT ថ្នាក់ជាតិប្រចាំឆ្នាំ២០២១ប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នៅសាលា ACE សាខាចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មានសិក្ខាកាមមកពីបណ្តាក្លិបកីឡាតេក្វាន់ដូWT រាជធានី-ខេត្តសរុបចំនួន២០នាក់ក្នុងស្រី ១៣នាក់មកពីខេត្តបាត់ដំបង៣នាក់ ស្រី ១នាក់) ខេត្តសៀមរាប ៤នាក់ ស្រី ០២នាក់ និងរាជធានីភ្នំពេញចំនួន ១៣នាក់ ស្រី ១០នាក់។
លោកអគ្គបានបន្តថា វគ្គនេះអាចដំណើរការទៅបានដោយសារមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈថវិកាគ្រាំទ្រជួយពន្លឿនដល់ការអភិវឌ្ឍន៍របស់ខេមរសហព័ន្ធតេក្វាន់ដូប្រចាំឆ្នាំ២០២១បានទាន់ពេលវេលា និង សម្រាប់ជាឱកាសដល់សិក្ខាកាមទាំងអស់បានក្រេបយកចំណេះដឹងថ្មីៗ និងទទួលបាននូវបទពិសោធន៍ជាច្រើនទៀតពីគ្រូបង្គោលជាគ្រូបង្វឹកអន្តរជាតិត្រៀមខ្លួនក្លាយជាគ្រូបង្វឹកថ្នាក់ជាតិបន្តវេនជំនាន់ក្រោយៗ ហើយក៏ជាក្តីសង្ឃឹម សម្រាប់ខេមរសហព័ន្ធតេក្វាន់ដូនៃការផ្សព្វផ្សាយប្រភេទកីឡាតេក្វាន់ដូWT ឲ្យបានទូលំទូលាយក្នុងក្របខណ្ឌទូទាំងប្រទេសនាពេលអនាគត ហើយក៏ត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាតេក្វាន់ដូWTថ្នាក់ជាតិនានា ដូចជាជ្រើសរើសជើងឯកតេក្វាន់ដូថ្នាក់ជាតិ កីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ កីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ កីឡាសិស្សឧត្តមសិក្សាថ្នាក់ជាតិ និងកីឡាជាតិ ជាដើម។
លោកស្រី គឹម សេដ្ឋានីបានមានប្រសាសន៍ថា ការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹកតេក្វាន់ដូថ្នាក់ជាតិនាពេលនេះ គោលដៅចង់ឲ្យសិក្ខាកាមយកទៅបង្ហាត់នៅតាមទីតាំងរៀងៗខ្លួនសម្រាប់ត្រៀមចូលរួមកម្មវិធីប្រកួតកីឡាតេក្វាន់ដូWTនានា ទាំងថ្នាក់ជាតិ និងអន្តរជាតិ។ វគ្គនេះរក្សាបាននូវសុវត្ថិភាព-សុខភាពដល់សិក្ខាកាម និងអ្នកចូលរួមទាំងអស់ និងសូមអរគុណដល់លោកគ្រូបង្វឹកថ្នាក់ជាតិ-អន្តរជាតិជាគ្រូឧទ្ទេសសម្រាប់ការបណ្តុះបណ្តាលវគ្គរយៈពេល៤ថ្ងៃមកនេះធ្វើឲ្យវគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅបានរលូន ព្រមទាំងធ្វើឲ្យសិក្ខាកាមទាំងអស់បានចំណាយពេលវេលាដ៏មានតម្លៃដើម្បីក្រេបយកចំណេះដឹង អំពីជំនាញគ្រូបង្វឹកកីឡាតេក្វាន់ដូWT នាពេលនេះ។
លោកស្រីបានបន្តថា សូមថ្លែងអំណរគុណដល់លោកប្រធាន ម៉ៅ ស្រេង អនុប្រធានខេមរសហព័ន្ធតេក្វាន់ដូបានផ្តល់ទីតាំងសម្រាប់រៀបចំវគ្គបណ្តុះបណ្តាលក្នុងបរិវេណសាលា ACE ចាក់អង្រែក្រោមជាការចូលរួមអភិវឌ្ឍវិស័យកីឡាតេក្វាន់ដូ WTកម្ពុជាឲ្យមានការរីកចម្រើនទៅមុខបន្តទៀត។ នេះជាការបណ្តុះបណ្តាលធនធានគ្រូបង្វឹកបន្ថែមទៀត ដើម្បីផ្សព្វផ្សាយប្រភេទកីឡាតេក្វាន់ដូWTកម្ពុជាឲ្យបានទូលំទូលាយ ទៅដល់សាធារណជនទូទៅគ្រប់ស្រទាប់វណ្ណៈ និងទូទាំងរាជធានី-ខេត្ត នាពេលអនាគត៕