ព័ត៌មានអន្តរជាតិ

ករណីព្យុះទីហ្វុង Rai វាយប្រហារមកលើហ្វីលីពីន បណ្តាលឲ្យស្លាប់មនុស្សដល់ទៅ១៨នាក់


ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ថា ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុងដ៏ខ្លាំងបំផុតដែលបានវាយប្រហារប្រទេសហ្វីលីពីនក្នុងឆ្នាំនេះបានកើនឡើងដល់១៨នាក់ ខណៈដែលទីភ្នាក់ងារគ្រោះមហន្តរាយបានព្រមានកាលពីថ្ងៃសៅរ៍ អំពី “ការខូចខាតធ្ងន់ធ្ងរ” នៅក្នុងតំបន់ដែលរងគ្រោះខ្លាំងបំផុត ។

មនុស្សជាង៣០០.០០០នាក់បានភៀសខ្លួនចេញពីផ្ទះសម្បែង និងរមណីយដ្ឋានមាត់សមុទ្រ ខណៈដែលព្យុះទីហ្វុង Rai បានវាយលុកតំបន់ភាគខាងត្បូង និងកណ្តាលនៃប្រទេស ដោយបានផ្តាច់ទំនាក់ទំនងនៅក្នុងតំបន់ជាច្រើន និងបានធ្វើឲ្យដួលរលំបង្គោលអគ្គិសនីជាច្រើនផងដែរ ។

ព្យុះ Rai គឺជាព្យុះទីហ្វុងដ៏ខ្លាំងមួយ នៅពេលដែលវាបានបោកបក់ចូលកោះទេសចរណ៍ដ៏ពេញនិយម Siargao កាលពីថ្ងៃព្រហស្បតិ៍ ដោយបាននាំខ្យល់អតិបរមា១៩៥គីឡូម៉ែត្រក្នុង១ម៉ោង ។

ល្បឿនខ្យល់របស់វាបានថយចុះមកនៅត្រឹម១៥០គីឡូម៉ែត្រក្នុង១ម៉ោង ខណៈដែលវាបានបក់កាត់ប្រជុំកោះ ធ្វើឲ្យដំបូលផ្ទះបាក់បែក ដើមឈើរលើងឬស និងបាក់មែក និងពេញផ្លូវដោយកម្ទេចកម្ទី ។

លោក Mark Timbal អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយជាតិបានប្រាប់ទីភ្នាក់ងារ AFP ថា យោធា ប៉ូលិស ឆ្មាំឆ្នេរសមុទ្រ និងបុគ្គលិកពន្លត់អគ្គីភ័យជាង១៨.០០០នាក់នឹងចូលរួមកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះនៅក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ ៕

Most Popular

To Top