ព័ត៌មានអន្តរជាតិ

អូស្ត្រាលី នឹងនាំចូលប្រព័ន្ធកាំភ្លើងធំ កូរ៉េ

បរទេស៖ ប្រទេសអូស្ត្រាលី នាពេលថ្មីៗនេះ បានសម្រេចចិត្តនាំចូលប្រព័ន្ធកាំភ្លើងធំកូរ៉េខាងត្បូង ក្រោយកិច្ចប្រជុំថ្មីៗនេះ រវាងមេដឹកនាំរបស់ប្រទេសទាំងពីរ នៅក្នុងទីក្រុងកង់ប៉េរ៉ា នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។


ក្រុមហ៊ុន Hanwha Defense Australia បានប្រកាសនៅថ្ងៃអង្គារថា ខ្លួនទើបបានចុះហត្ថលេខាលើកុងត្រាមួយ ជាមួយកងទ័ពអូស្ត្រាលី សម្រាប់ការផ្គត់ផ្គង់ប្រព័ន្ធកាំភ្លើងធំ Huntsman AS9។


កុងត្រាការពារជាតិនេះ ត្រូវបានប្រកាសក្រោយមួយថ្ងៃ បន្ទាប់ពីនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានប្រារព្ធធ្វើជំនួបកំពូលមួយ ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន ហើយនេះគឺជាការបញ្ជាទិញឧបករណ៍ការពារជាតិដ៏ធំដំបូងដោយអូស្ត្រាលី ពីក្រុមហ៊ុនការពារជាតិដ៏ធំប្រចាំនៅតំបន់អាស៊ីនេះ។


គួរបញ្ជាក់ថា កិច្ចព្រមព្រៀងទិញកំាភ្លើងធំពីកូរ៉េខាងត្បូងនេះ គឺត្រូវបានធ្វើឡើង ស្របពេលអូស្ត្រាលី ដែលមានការខ្វែងគំនិតគ្នាជាមួយចិននោះ កំពុងតែព្យាយាមពង្រឹងសម្ពន្ធភាពជាមួយសហរដ្ឋអាមេរិក៕

ប្រែសម្រួល៖ប៉ាង កុង
https://www.upi.com/Top_News/World-News/2021/12/16/Australia-South-Korea-arms-deal-Hanwha-Huntsman/1871639677714/

Most Popular

To Top