បរទេស៖ កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់សម្តីមន្ត្រីអាមេរិក និងអ៊ុយក្រែនថា រដ្ឋបាលលោកប្រធានាធិបតី Joe Biden កំពុងពិចារណាបញ្ជូនសម្ភារៈយោធាទៅកាន់អ៊ុយក្រែន ដែលពីមុនគឺទុកសម្រាប់បញ្ជូណទៅប្រទេសអាហ្វហ្គានីស្ថាន មុនពេលប្រទេសនេះដួលរលំ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា របាយការណ៍បាននិយាយថា មន្ត្រីអ៊ុយក្រែនកំពុងដាក់សម្ពាធលើរដ្ឋាភិបាលអាមេរិក ដើម្បីផ្តល់ឧទ្ធម្ភាគចក្រ រួមទាំងយន្តហោះ Mi-17 ដែលផលិតដោយរុស្ស៊ី និងឧបករណ៍យោធាផ្សេងទៀត ដែលមានបំណងសម្រាប់ផ្តល់ដល់កងកម្លាំងសន្តិសុខជាតិអាហ្វហ្គានីស្ថាន ដែលលែងដំណើរការទៅហើយនាពេលនេះ។
របាយការណ៍បានបន្ថែមថា ប្រទេសអ៊ុយក្រែនក៏កំពុងដាក់សម្ពាធដល់សហរដ្ឋអាមេរិកក្នុងការផ្តល់ប្រព័ន្ធការពារដែនអាកាស រួមទាំងមីស៊ីល Stinger បាញ់ពីលើដីទៅអាកាសផងដែរ។
របាយការណ៍បាននិយាយថា សហរដ្ឋអាមេរិកអាចផ្តល់ឱ្យអ៊ុយក្រែននូវឧទ្ធម្ភាគចក្រ Mi-17 ចំនួន ៥គ្រឿងដែលធ្លាប់ប្រើប្រាស់ដោយយោធាអាហ្វហ្គានីស្ថាន ប៉ុន្តែកំពុងស្ថិតក្រោមការថែទាំនៅអឺរ៉ុបខាងកើត។ របាយការណ៍បានបន្ថែមថា អ៊ុយក្រែន ក៏ចង់បានឧទ្ធម្ភាគចក្រ Black Hawk ចំនួន ១២ គ្រឿង ដែលសហរដ្ឋអាមេរិកបានបែងចែកសម្រាប់យោធាអាហ្វហ្គានីស្ថាន ប៉ុន្តែមិនបានបញ្ជូន៕
ប្រែសម្រួលៈ ណៃ តុលា