ភ្នំពេញ៖ ជារឿងដ៏គួរឱ្យចាប់អារម្មណ៍ជាខ្លាំង ដោយបានដឹងថាថ្មីៗនេះតារាចម្រៀង ឈួន សុវណ្ណឆៃ បានទម្លាយ រូបភាពក្រាបផ្ទឹមជាមួយបុរសរូបសង្ហាម្នាក់ តែយ៉ាងណាអ្នកនាង មិនទាន់ហ៊ានបង្ហាញមុខស្វាមីរបស់ខ្លួនជាចំហនៅឡើយទេ ។
តារាចម្រៀងជើងចាស់ ឈួន សុវណ្ណឆៃ ដែលបច្ចុប្បន្នមានវ័យជាង ៤០ឆ្នាំ និងមានកូន៣នាក់ រួចទៅហើយនោះ ធ្លាប់ឆ្លងកាត់ពាក្យចចាមអារ៉ាមជាច្រើន ដែលទាក់ទងជាមួយ ជីវិតស្នេហាឯកជន របស់នាង ជាពិសេសគេធ្លាប់និយាយថា អ្នកនាង ឈួន សុវណ្ណឆៃ ក្រោយពីលែងលះប្តី ជាមន្ត្រីស្ថានទូតបារាំង លោកចន្ធី មក អ្នកនាងក៏កំពុងចាប់ដៃសាងស្នេហ៍ ជាមួយមន្ត្រីធំពាក់ផ្កាយ៣ មួយរូប ដូច្នេះទើបជីវិភាព ក៏ដូចជាឫកពាររបស់នាង មើលទៅមិនខុសពីជំទាវប៉ុន្មានឡើយ ។
ជាមួយគ្នានេះដែរ អ្វីដែលជាការចាប់អារម្មណ៍ខ្លាំង របស់ទស្សនិកជន អ្នកគាំទ្រនៅពេលនេះ គឺថាក្រោយស្ពាយ ងារជាស្ត្រីមេម៉ាយប្រមាណជាជិត ៧ឆ្នាំ អ្នកនាង ឈួន សុវណ្ណឆៃ បានបង្ហាញរូបភាពក្រាបផ្ទឹមជាមួយបុរសរូបសង្ហាម្នាក់ ដោយរួមនឹងសារខ្លីដែលមានអត្ថន័យថា «ចាំដល់ថ្ងៃចាំបញ្ចេញមុខ»។
ការលើកឡើងរបស់តារាចម្រៀងរូប នេះបានធ្វើឱ្យមិត្តភក្តិក្នុងនិងក្រៅសិល្បៈជាច្រើនអបអរសាទរ ចំពោះការរកឃើញម្ចាស់បេះដូងថ្មី របស់តារាចម្រៀងជើងចាស់រូបនេះ ប៉ុន្តែគួរឱ្យស្ដាយនាង មិនបានបង្ហាញមុខស្វាមី របស់នាងនៅឡើយទេ ។
បើតាមការព្រលយខ្លះៗរបស់ ឈួន សុវណ្ណឆៃ នៅលើគណនីហ្វេសប៊ុកបានឱ្យឃើញយ៉ាងដូច្នេះថា«ទៅមុនសិនចុះ ណាចាំទទួលអូនផង 0៩ ០១ ២០២២ ណាបេះដូង USA»ហើយការនេះ ដែលបានធ្វើឱ្យមានការសន្និដ្ឋានម្ចាស់បេះដូងថ្មី របស់នាងជាអ្នករស់នៅសហរដ្ឋអាមេរិក ។ ក្នុងនោះ ឈួន សុវណ្ណឆៃ ក៏បានបន្ថែមថានាងមានបំណងរៀបការ ទៅតាមប្រពៃណី នៅឆ្នាំក្រោយនេះ ៕ ដោយ៖ ម៉ានី