បរទេស៖ តុលាការក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងបានបញ្ជាឱ្យ រដ្ឋាភិបាលផ្តល់សំណង ដល់គ្រួសាររបស់បុរសម្នាក់ ដែលមានជំងឺផ្លូវចិត្ត ដែលបានស្លាប់បន្ទាប់ពីត្រូវបាន ប៉ូលីសដាក់ខ្នោះដៃ។ នេះបើតាមកំណត់ត្រា របស់តុលាការ ដែលត្រូវបានបង្ហាញនៅថ្ងៃសៅរ៍នេះ។
យោងតាមសារព័ត៌មាន Yonhap News ចេញផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា តុលាការក្រុងសេអ៊ូល នាពេលថ្មីៗនេះ បានសម្រេចថា រដ្ឋត្រូវបង់ប្រាក់ចំនួន 320 លានវ៉ុន (269,160 ដុល្លារអាមេរិក) ដល់គ្រួសារជនរងគ្រោះ ជុំវិញការប្រើប្រាស់កម្លាំងហួសហេតុ ដោយការអនុវត្តច្បាប់។
ឧបទ្ទវហេតុប៉ូលីសដាក់ខ្នោះដៃទៅលើបុរសដែលមានជំងឺផ្លូវចិត្តនេះ បានកើតឡើងក្នុងខែមករា ឆ្នាំ 2019 នៅពេលដែលប៉ូលីស និងបុគ្គលិកសង្គ្រោះបន្ទាន់ ត្រូវបានគេហៅទៅកាន់ផ្ទះមួយក្នុងទីក្រុង តាមរបាយការណ៍របស់ក្រុមគ្រួសារថា បុរសនោះបង្ហាញអាកប្បកិរិយាមិនប្រក្រតី។
បុរសដែលមានបញ្ហាផ្លូវចិត្តមិនព្រមឱ្យគេយកទៅមន្ទីរពេទ្យទេ ហើយបានប្រឈមមុខនឹងប៉ូលិសដោយគាត់មានកាំបិតពីរទៅបីក្នុងដៃ។ សមត្ថកិច្ចបានប្រើកាំភ្លើងភ្ជង់វាយបុរសរូបនោះ ក្រោយមកបានសង្កត់លើពោះគាត់ នៅលើគ្រែប្រមាណ១០នាទី ដោយចាប់ដាក់ខ្នោះដៃទៅក្រោយ និងយកបង់រុំកជើង ។
ពេលក្រុមអ្នកជួយសង្គ្រោះព្យាយាមយកចេញ (ខ្នោះ និងបង់) គាត់បានសន្លប់។ គាត់ត្រូវបានគេយកទៅមន្ទីរពេទ្យ ហើយបានស្លាប់ រយៈពេល៥ខែក្រោយមក៕
ប្រែសម្រួលៈ ណៃ តុលា