កីឡា

ការប្រកួតបាល់ទាត់ មិត្តភាព ដើម្បីអបអរសាទរខួបលើកទី៤៣ ទិវាជ័យជម្នះ៧មករា បញ្ចប់ដោយភាពជោគជ័យ

ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ មិត្តភាព ដើម្បីអបអរសាទរ ខួបលើកទី៤៣ ទិវាជ័យជម្នះ ៧មករា នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ អបអរសាទរខួប១១ នៃក្លិបកីឡាបាល់ទាត់កម្ពុជា-អាស៊ាន ដោយមានការអញ្ជើញ ចូលរួមពិធីបិទជាផ្លូវការ ពីសំណាក់លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងលោក ឡោក ឆាយ អគ្គលេខាធិការរង ព្រឹទ្ធសភា នៅទីលានបាល់ទាត់វិទ្យាល័យ ជា ស៊ីម បឹងកេងកង ។

លោក អ៊ុក សំណាង ប្រធានគណៈកម្មការរៀបចំការ ប្រកួតបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ ខួបលើកទី៤៣ ទិវាជ័យជម្នះ ៧មករា នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២២អបអរសាទរខួប១១ នៃក្លិបកីឡាបាល់ទាត់កម្ពុជា-អាស៊ាន បានប្រាប់ឲ្យដឹងថា ការប្រកួតបាល់ទាត់មិត្តភាពកម្ពុជានេះ បានចាប់បដិសន្ធិឡើង នៅឆ្នាំ២០១៥ និង បានរៀបចំ ដោយមានការចង្អុរ បង្ហាញ ពីលោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា អនុប្រធាន អង្គភាពប្រឆាំង អំពើពុករលួយ និងជាស្ថាបនិកក្លឹប កីឡាបាល់ទាត់កម្ពុជា-អាស៊ាន ។

លោកបានបន្តថា ការប្រកួតនេះ ក្នុងគោលបំណងចូលរួម លើកស្ទួយវិស័យកីឡានៅកម្ពុជា ក៏ដូចជាកៀងគរ នូវមន្ត្រីរាជការ និង បងៗពូ ដែលមានវ័យ ចំណាស់ នៅគ្រប់វិស័យ ឲ្យចូលរួមលេងកីឡាជាគំរូដ៏ល្អ ដល់យុវជន ឲ្យចូលរួមក្នុងគ្រប់ទម្រង់កីឡាជាផ្នែកមួយ អាចជួយដល់ យុវជនគ្រប់មជ្ឈដ្ឋាន ចេញឆ្ងាយ ពីអំពើឧបាយមុខ ផ្សេងៗបាន និងពង្រឹងសុខភាព បង្កើតមិត្តភាព ក៏ដូចជាគាំទ្រយ៉ាងមុតមាំ ចំពោះអនុសាសន៍ ដ៏ខ្ពង់ខ្ពស់ របស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យកីឡា និងអាចពង្រឹងនូវចំណងសាមគ្គីភាព រវាងក្រុមកីឡាករវ័យចំណាស់ នៃស្ថាប័ននានា ក្នុង ព្រះរាជាណាចក្រកម្ពុជា ឲ្យមានទំនាក់ទំនងកាន់តែប្រសើរនឹងគ្នាឡើងទ្វេរដង ព្រោះកីឡា ជាប្រភពយ៉ាងពិតប្រាកដ នាំមកនូវ “សុខភាព មិត្តភាព សាមគ្គីភាព និងសន្តិ៣ព” ក្រោមម្លប់សន្តិភាពពិតប្រាកដ ក្នុងសម័យតេជោ ។

មានន័យថា ដោយមានភ័ព្វ សំណាងទទួល បានការគាំទ្រ ដ៏លោកបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មការ មានឪកាសរៀបចំ ជាកម្មវិធីប្រកួតមិត្តភាពឡើងវិញ ជាលើកទី៣ និងរៀបចំជាពិសេស ដើម្បី ចូលរួមអបអរសាទរ ខួបលើកទី៤៣ ទិវាជ័យជម្នះ ៧មករា ព្រោះថា យើងទាំងអស់គ្នា មានឪកាសជួបជុំគ្នា លេងកីឡា បាល់ទាត់ពង្រឹងសុខភាព បង្កើតមិត្តភាព រឹតចំណងសាមគ្គីភាព ដោយគ្មានការបារម្មណ៍ភ័យព្រួយ ដូចសព្វថ្ងៃនេះ គឺបានមក ពី បុព្វហេតុចម្បងនៃថ្ងៃ៧មករា មានន័យថា មានថ្ងៃ៧មករា ទើបមានសន្តិភាពពេញបរិបូរណ៍ ដូចសព្វថ្ងៃនេះ …ជយោ! ទិវាជ័យជម្នះ ៧មករា ! អរគុណសន្តិភាព !

សម្រាប់ការប្រកួតខាងលើនេះ មានក្លិបចំនួន៨ គឺក្លិបកីឡាបាល់ទាត់កម្ពុជា-អាស៊ាន ក្លិបកីឡាបាល់ទាត់ឥន្រ្ទីវ័យចំណាស់ ក្លិបកីឡាបាល់ទាត់មេធាវីសាមគ្គី ក្លិបកីឡាបាល់ទាត់ បុរីរ៉ាត់ កំពត ក្លិបកីឡាបាល់ទាត់អាវុធហត្ថ គ្រុឌមាស ខេត្តសៀមរាប និងក្លិបកីឡាបាល់ទាត់ខេម ។

លោក ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា និង ក្នុងនាមខ្លួនលោកផ្ទាល់ សូមវាយតម្លៃខ្ពស់ ចំពោះការបង្កើត ក្លិបកីឡាបាល់ទាត់កម្ពុជា-អាស៊ាន ដោយក្រោមការផ្តួចផ្តើម និងគាំទ្រ ដោយលោក ស៊ាន បូរ៉ាត និងសូមកោតសរសើរ ចំពោះកីឡាករទំាងអស់ ចូលរួមក្នុងក្លិបបាល់ទាត់នេះ ។ ការបង្កើតមានគោលទិសពង្រឹង មិត្តភាពក៏ដូចជាលើកកម្ពស់ នូវសុខភាព ផងដែរ ហើយតាមរយៈការប្រកួតរាល់សប្តាហ៍ របស់ក្លិបកីឡាបាល់ទាត់កម្ពុជា-អាស៊ាន ពិតជានាំមកនូវសាមគ្គីភាព ដោយសារការប្រកួតគោរព តាមច្បាប់បាល់ទាត់ ៕ដោយ៖លី ភីលីព

Most Popular

To Top