កីឡា

ក្រសួងសាធារណការ និងដឹកជញ្ជូន បន្តឈរកំពូលតារាង នៃការប្រកួតហែលទឹកជើងឯក កីឡាថ្នាក់ជាតិ ឆ្នាំ២០២១ ខេត្តបាត់ដំបង

ភ្នំពេញ ៖ ក្លិបហែលទឹកក្រសួងសាធារណការ និង ដឹកជញ្ជូន នៅតែដណ្តើមបានមេដាយ ច្រើនជាងគេ គឺ២១គ្រឿង នៃព្រឹត្តិការណ៍ការ ប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯក ថ្នាក់ជាតិ ឆ្នាំ២០២១ និងអបអរសាទរពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលកីឡាហែលទឹក បាត់ដំបង នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ នៅសាកលវិទ្យាល័យបាត់ដំបង ក្នុងខេត្តបាត់ដំបងរៀបចំ ដោយសហព័ន្ធខ្មែរកីឡាហែលទឹក ប្រើប្រាស់ថវិកា ឧបត្ថម្ភក្រសួងអប់រំ យុវជន និងកីឡា ។

សម្រាប់ក្លិបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូន ដណ្តើមបានមេដាយ២១គ្រឿង ក្នុងនោះមេដាយមាស៨គ្រឿង ប្រាក់៦គ្រឿង និងសំរិទ្ធ៧គ្រឿង ក្លិបហែលទឹកក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយ១១គ្រឿងរួមមានមេដាយមាស៥គ្រឿង ប្រាក់៤គ្រឿង និងសំរិទ្ធ២គ្រឿង ក្លិបហែលទឹកក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដណ្តើមបានមេដាយ១ គ្រឿងរួមមានមេដាយមាស២គ្រឿង ប្រាក់៤គ្រឿង និងសំរិទ្ធ៤គ្រឿង ក្លិបហែលទឹក ក្រសួងព័ត៌មាន ទទួលបាន មេដាយប្រាក់១គ្រឿង និង សំរិទ្ធ១គ្រឿង និងក្លិបហែលទឹកក្លិបហែលទឹក ព្រឹទ្ធាចារ្យ ហែម ថុន ដណ្តើមមេដាយសំរិទ្ធ១គ្រឿង ។

លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរ កីឡាហែលទឹក បានប្រាប់ឲ្យដឹងថា ការប្រកួតជើងឯកឆ្នាំនេះ យើងធ្វើឡើង មណ្ឌលកីឡាហែលទឹក បាត់ដំបង ដើម្បីផ្សព្វផ្សាយ ឲ្យប្រជាជន និងសិស្សានុសិស្សខេត្តបាត់ដំបង បានជ្រាប់ពីប្រភេទកីឡាហែលទឹក និងបង្កើធនធានមនុស្ស សម្រាប់ខេត្តមួយនេះ ។ ការ ប្រកួតមានក្រុមកីឡាករ-កីឡាការិនី និង គណៈប្រតិភូ គ្រូបង្វឹកចូលរួម១២៣នាក់ ក្នុងនោះកីឡាករចំនួន ៧៤នាក់ កីឡាការិនី ៣៨ និងគ្រូ បង្វឹក១១នាក់ មកពី៦ ក្លិបរួមមានក្លិបហែលទឹក ក្រសួងសាធារណការ និងដឹកជញ្ជូន ក្លិបហែលទឹកក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្លិបហែលទឹក ក្រសួងមហាផ្ទៃ ក្លិបហែលទឹកក្រសួងព័ត៌មាន ក្លិបហែលទឹកនាគរាជ ខេត្តកំពង់ចាម និងក្លិបហែលទឹកព្រឹទ្ធាចារ្យ ហែម ថុន ។

លោកបានបន្តថា ដោយមានការសហការ រវាង សហព័ន្ធខ្មែរ កីឡាហែលទឹក និងគណៈកម្មាធិការជាតិ ប៉ារ៉ាអូឡាំពិក កម្ពុជា ក្នុងនោះយើងក៏ធ្វើការ ប្រកួតកីឡាជនពិការជើងឯក ថ្នាក់ជាតិ ២០២២ ដើម្បីជ្រើសរើសពួកគាត់ចូលរួម ជាមួយក្រុមជម្រើសជាតិ២០២២ របស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ ៕ដោយ៖លី ភីលីព

Most Popular

To Top