ភ្នំពេញ៖ ក្លិបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូនគ្រងតំណែងជើងឯក បន្ទាប់ពីក្លិបនេះដណ្តើមបាន មេដាយច្រើនជាងគេ គឺ២៦គ្រឿងនៃព្រឹត្តិការណ៍ការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ និងអបអរសាទរពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមណ្ឌលកីឡាហែលទឹកបាត់ដំបងនាថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ នៅសាកលវិទ្យាល័យបាត់ដំបង ក្នុងខេត្តបាត់ដំបង រៀបចំដោយសហព័ន្ធខ្មែរកីឡាហែលទឹកប្រើប្រាស់ថវិកា ឧបត្ថម្ភក្រសួងអប់រំ យុវជន និងកីឡា។
សម្រាប់ក្លិបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូនដណ្តើមបានមេដាយ ២៦គ្រឿង ក្នុងនោះមេដាយមាស១២គ្រឿង ប្រាក់៧គ្រឿង និងសំរិទ្ធ៧គ្រឿង ក្លិបហែលទឹកក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយ១៣គ្រឿង រួមមានមេដាយមាស៥គ្រឿង ប្រាក់៦គ្រឿង និងសំរិទ្ធ២គ្រឿង ក្លិបហែលទឹកក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុដណ្តើមបានមេដាយ១៣គ្រឿង រួមមានមេដាយមាស២គ្រឿង ប្រាក់៤គ្រឿង និងសំរិទ្ធ៧គ្រឿង ក្លិបហែលទឹកក្រសួងព័ត៌មាន ទទួលបានមេដាយប្រាក់២គ្រឿង និងសំរិទ្ធ១គ្រឿង ក្លិបហែលទឹកក្លិបហែលទឹកព្រឹទ្ធាចារ្យ ហែម ថុន ដណ្តើមមេដាយសំរិទ្ធ១គ្រឿង និងក្លិបហែលទឹកនាគរាជខេត្តកំពង់ចាម ដណ្តើមមេដាយសំរិទ្ធ១គ្រឿង។
លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់ឲ្យដឹងថា ការប្រកួតមានក្រុមកីឡាករ-កីឡាការិនី និងគណៈប្រតិភូ គ្រូបង្វឹកចូលរួម១២៣នាក់ ក្នុងនោះកីឡាករចំនួន ៧៤នាក់ កីឡាការិនី ៣៨ និងគ្រូបង្វឹក១១នាក់ មកពី៦ក្លិបរួមមានក្លិបហែលទឹក ក្រសួងសាធារណការ និងដឹកជញ្ជូន ក្លិបហែលទឹកក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្លិបហែលទឹកក្រសួងមហាផ្ទៃ ក្លិបហែលទឹកក្រសួងព័ត៌មាន ក្លិបហែលទឹកនាគរាជខេត្តកំពង់ចាម និងក្លិបហែលទឹកព្រឹទ្ធាចារ្យ ហែម ថុន ។ ការប្រកួតជើងឯកឆ្នាំនេះយើងធ្វើឡើង មណ្ឌលកីឡាហែលទឹកបាត់ដំបង ដើម្បីផ្សព្វផ្សាយឲ្យប្រជាជន និងសិស្សានុសិស្សខេត្តបាត់ដំបង បានជ្រាប់ពីប្រភេទកីឡាហែលទឹក និងបង្កើធនធានមនុស្សសម្រាប់ខេត្តមួយនេះ។
លោកបានបន្តថា ដោយមានការសហការ រវាងសហព័ន្ធខ្មែរកីឡាហែលទឹក និងគណៈកម្មាធិការជាតិប៉ារ៉ាអូឡាំពិកកម្ពុជា ក្នុងនោះយើងក៏ធ្វើការប្រកួតកីឡាជនពិការជើងឯកថ្នាក់ជាតិ ២០២២ ដើម្បីជ្រើសរើសពួកគាត់ចូលរួម ជាមួយក្រុមជម្រើសជាតិ២០២២ របស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ៕ ដោយ៖លីភីលីព