ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ប្រទេសកម្ពុជាធ្លាប់បានធ្វើជាម្ចាស់ផ្ទះកីឡាប្រកួតហែលទឹក ហើយក៏ធ្លាប់ទទួលបានមេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធជាច្រើនគ្រឿងកាលពីអតីតកាល ដែលជាការបង្ហាញថាកីឡាប្រភេទនេះក៏ជាប្រភេទកីឡា មានសក្ដានុពលមួយ របស់កម្ពុជាដែរ ហើយក៏សម្ដែងការកោតសរសើរ ពិសេសការបញ្ចេញសមត្ថភាពប្រកួតរបស់កីឡាករ កីឡាការនីប្រកបដោយ ភាពទាក់ទាញនៅលើផ្ទៃទឹក ក្នុងអាងហែលទឹក នៃមណ្ឌលកីឡាហែលទឹកបាត់ដំបង។
សម្ដេចក្រឡាហោម បានបន្ថែមថា មណ្ឌលកីឡាហែលទឹកបាត់ដំបងនេះ គឺស្ថិតក្នុងចំណោមអាងហែលទឹកថ្មីៗ ដែលបានសាងសង់ បន្ទាប់ពីមណ្ឌលហែលទឹកកំពង់ចាម និងនៅស្រុកកោះធំខេត្តកណ្ដាល ហើយថាសម្រាប់មណ្ឌលកីឡាហែលទឹកបាត់ដំបងនេះ គឺត្រូវបានសាងសង់ឡើងដោយប្រើប្រាស់ថវិកាពីសប្បុរសជន។ សម្ដេចឧបនាយករដ្ឋមន្ត្រីបានរម្លឹក ដល់ទិវាជាតិ៧មករាដែលជាកាលបរិច្ឆេទ ប្រវត្តិសាស្ត្រនៃការផ្ដួលរំលំរបបខ្មែរ រហូតរំដោះប្រជាជនឲ្យរួចផុត ពីរបបប្រល័យពូជសាសន៍ ហើយឈានដល់ការអភិវឌ្ឍជាតិពីស្ថានភាព នៃប្រទេសដែលគ្មានសេសសល់អ្វីសោះរហូតរីកចំរើនដូចសព្វថ្ងៃនេះ។
សម្ដេចក៏បានបន្ថែមថា ដោយសារកត្តាសុខសន្តិភាព និងការអភិវឌ្ឍ កម្ពុជាកំពុងរៀបចំព្រឹត្តិការណ៍សំខាន់ៗ ជាបន្តបន្ទាប់ ជាក់ស្ដែងឆ្នាំ២០២២នេះ កម្ពុជាបានទទួលតួនាទីជាប្រធានអាស៊ាន និងនៅឆ្នាំ២០២៣កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ហៅកាត់ថា SEA GAMES មានប្រភេទកីឡាត្រូវប្រកួតច្រើន ហើយសម្ដេចបានថ្លែងលើកទឹកចិត្ត ឱ្យខិតខំអភិវឌ្ឍន៍វិស័យកីឡាជាតិបន្ថែមទៀត។
ដើម្បីរួមចំណែកអភិវឌ្ឍន៍ វិស័យកីឡាហែលទឹកនៅកម្ពុជា សម្ដេចក្រឡាហោម ស ខេង ប្រធានគណៈអធិបតី បានផ្ដល់អនុសាសន៍មួយចំនួនជូនក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងសហព័ន្ធកីឡាហែលទឹកកម្ពុជា។ សម្ដេចក៏បានថ្លែងអំណរគុណ ជូនសប្បុរសជន ពិសេសតាមរយៈលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបរិច្ចាគធនធានរួមចំណែក កសាងមណ្ឌលកីឡាហែលទឹកបាត់ដំបងនេះ៕ ដោយ៖លី ភីលីព