ព័ត៌មានអន្តរជាតិ

អាមេរិក-រុស្ស៊ី នៅតែមិនអាចស្វែងរកចំណុចរួម លើបញ្ហាអ៊ុយក្រែន និងសន្ដិសុខ តំបន់អឺរ៉ុប

វ៉ាស៊ីនតោន៖ ជុំថ្មីនៃកិច្ចចរចាសន្តិសុខរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក បានបញ្ចប់នៅទីក្រុងហ្សឺណែវ ដោយភាគីទាំងពីរមិនបង្ហាញសញ្ញានៃភាពខុសគ្នាកាន់តែរួមតូចលើអ៊ុយក្រែន និងបញ្ហាសន្តិសុខផ្សេងទៀតនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អ្នកវិភាគជឿថា រុស្ស៊ីមានឆន្ទៈបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការសន្តិសុខរយៈពេលវែងជាមួយបណ្តាប្រទេសលោកខាងលិច ដែលដឹកនាំដោយសហរដ្ឋអាមេរិក ខណៈដែលអាមេរិក បានបរាជ័យក្នុងការឆ្លើយតបទៅនឹងកង្វល់សន្តិសុខរបស់រុស្ស៊ី។

ភាគីទាំងពីរ បានព្យាករណ៍ពីអនាគតដ៏ស្រអាប់សម្រាប់របកគំហើញនៅក្នុងកិច្ចពិភាក្សាសន្ដិសុខទីក្រុងវីយែន នៅពេលដែលតម្លៃ និងគោលដៅយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរនៅតែមានភាពខុសគ្នា។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov ដែលដឹកនាំគណៈប្រតិភូរុស្ស៊ី បានឲ្យដឹងបន្ទាប់ពីកិច្ចពិភាក្សាថា “កិច្ចពិភាក្សាមានភាពលំបាក វែងឆ្ងាយ ប្រកបដោយវិជ្ជាជីវៈ ស៊ីជម្រៅ ជាក់ស្តែង ដោយគ្មានការព្យាយាមធ្វើឱ្យមាមភាពស្របគ្នាលើចំណុចមួយចំនួន” ។

ទោះជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា សំណួរសំខាន់ៗ “នៅតែមាន ហើយយើងមិនឃើញការយល់ដឹងពីភាគីអាមេរិក អំពីភាពចាំបាច់នៃការសម្រេចចិត្តក្នុងរបៀបមួយ ដែលបំពេញចិត្តយើងនោះទេ”។

ប្រទេសរុស្ស៊ី បានសម្តែងការព្រួយបារម្ភម្តងហើយម្តងទៀត ចំពោះការពង្រីកទៅភាគខាងកើតនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងណាតូ និងការដាក់ពង្រាយប្រព័ន្ធសព្វាវុធរបស់សម្ព័ន្ធនៅជិតព្រំដែនរបស់ប្រទេស។

លោក​បាន​បញ្ជាក់​ថា “យើង​មិន​ទុក​ចិត្ត​ភាគី​ម្ខាង​ទៀត​នោះទេ។ “យើង​ត្រូវ​ការ​ក្រណាត់​ដែក មិន​ជ្រាប​ទឹក ដែលអាចការពារ​គ្រាប់​កាំភ្លើង ការ​ធានា​ស្រប​ច្បាប់ មិន​មែន​ការ​ធានា មិន​មែន​ជា​ការ​ការពារ​នោះទេ”។

ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានេះ លោក Ryabkov បានរំលឹកឡើងវិញថា រុស្ស៊ីស្វែងរកការធានាស្របច្បាប់នៃការមិនពង្រីករបស់អង្គការណាតូ ជាពិសេសនៅអឺរ៉ុបកណ្តាល និងខាងកើត៕ដោយ ឈូក បូរ៉ា

Most Popular

To Top