បរទេស៖ យោងតាមការចេញផ្សាយរបស់ The marketwatch នៅថ្ងៃនេះបានឲ្យដឹងថា សេតវិមានបានប្រកាសសន្យា ក្នុងការផ្តល់ប្រាក់ជំនួយមនុស្សធម៌ ដែលមានទំហំជាង ៣០០លានដុល្លារ ព្រមទាំងវ៉ាក់សាំងការពារកូវីដ តាមរយៈកម្មវិធី COVAX ផងដែរ ទៅឲ្យប្រទេសអាហ្គានីស្ថាន។
កាលពីថ្ងៃអង្គារម្សិលមិញនេះអាមេរិក បានប្រកាសនឹងបរិច្ចាគលុយ ប្រមាណជា ៣០៨លានដុល្លារ ដើម្បីដោះស្រាយ បញ្ហាវិបត្តិមនុស្សធម៌ នៅក្នុងប្រទេសអាហ្គានីស្ថាន ដែលបានស្ថិតនៅក្រោមការដឹកនាំ របស់ក្រុមឧទ្ទាមតាលីបង់ អស់រយៈពេលជាង ៥ខែមកហើយនោះ។
អ្នកនាំពាក្យរបស់ក្រុមប្រឹក្សាសន្តិសុខ របស់សេតវិមាន Emily Horne បាននិយាយថាជំនួយមនុស្សធម៌ថ្មី នឹងធ្វើឡើងតាមរយៈ កម្មវិធីរបស់ទីផ្នាក់ងារអាមេរិក សម្រាប់កិច្ចការងារអភិវឌ្ឍអន្តរជាតិ ហើយនឹងហូរចូលប្រទេស តាមរយៈអង្គការជំនួយមនុស្សធម៌ជាច្រើន ដែលក្នុងនោះសកម្មភាព ដែលនឹងទទួលបាននោះមានដូចជា ការផ្តល់ជម្រកបណ្តោះអាសន្ន ជំនួយសុខាភិបាល ព្រមទាំងជំនួយអាហារបន្ទាន់ និងអនាម័យក្នុងការរស់នៅផង៕ ប្រែសម្រួល៖ស៊ុនលី