បរទេស៖ ប្រទេសហ្វីលីពីននៅចុងសប្តាហ៍នេះ បានឈានទៅដល់ការសម្រេចចិត្តចុងក្រោយ ក្នុងការបញ្ជាទិញយក ប្រព័ន្ធបាញ់មីស៊ីលមួយ ពីប្រទេសឥណ្ឌា ដែលមានតម្លៃប្រមាណជា ៣៧៥លានដុល្លារ ដើម្បីអាចពង្រីងសមត្ថភាព នៃកងកម្លាំងយោធាជើងទឹក របស់ខ្លួន។
សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសហ្វីលីពីន បានបញ្ជាក់ទៀតថាកញ្ចប់ប្រាក់នេះគឺជាផ្នែកមួយផែនការមេ រយៈពេល៥ឆ្នាំរបស់ហ្វីលីពីន ដែលមានតម្លៃ ៣០០ពាន់លានប៉េសូ ឬប្រមាណជា ៥,៨៥ពាន់លានដុល្លារដើម្បីធ្វើទំនើបកម្មកងកម្លាំងយោធា ដែលបច្ចុប្បន្នសព្វាវុធមួយចំនួនសុទ្ធតែជាសព្វាវុធ ដែលសល់ពីសម័យសង្គ្រាមត្រជាក់ ដូចជានាវចម្បាំងនិងឧទ្ធម្ភាគចក្រជាដើម។
យោងតាមកិច្ចព្រមព្រៀង ដែលចុះហត្ថលេខារួចរាល់ ជាមួយនឹងរដ្ឋាភិបាល នៃប្រទេសឥណ្ឌា ក្រុមហ៊ុនរដ្ឋ Brahmos Aerospace Private Ltd នឹងធ្វើការប្រគល់ជូន ទាំងប្រព័ន្ធមីស៊ីលផង អ្នកជំនាញការហ្វឹកហាត់ផង និងក្រុមអ្នកថែរក្សា និងជួសជុលផងនិងក៏ដូចជាកិច្ចការងារដឹកជញ្ជូន ទៅដល់ហ្វីលីពីនតែម្តង៕ ប្រែសម្រួល៖ស៊ុនលី