ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវសារព័ត៌មាន The Sun ចុះផ្សាយថា កំពូលកីឡាករនេះ នឹងចាកចេញពីក្លឹប Manchester United នៅរដូវកាលក្ដៅខាងមុខ ប្រសិនបើក្លឹបនេះ មិនអាចជាប់ជម្រើសទៅលេងប្រកួត UEFA Champions League នៅរដូវកាលក្រោយបានទេនោះ។
បើតាមប្រភពខាងលើតំណាង Ronaldo ក៏បាននិយាយរឿងនេះជាមួយ លោក Richard Arnold ដែលនឹងក្លាយជានាយកប្រតិបត្តិពេញសិទ្ធ នៅខែក្រោយនេះផងដែរ។
កាលពីសម្ភាសន៍ជាមួយ Sky Sports កាលពីសប្ដាហ៍មុន Ronaldo ក៏ធ្លាប់លើកឡើងដែរថា គេទទួលយកមិនបានទេ ប្រសិនជា Man Utd អត់ជាប់ Top 4 ក្នុង Premier League ព្រោះតែគេមកនេះ គឺមកប្រឹងឲ្យអស់លទ្ធភាព ដើម្បីឲ្យឈ្នះ មិនមែនមកចាញ់ ជាប់ចំណាត់ថ្នាក់ទី៧អីនោះទេ។
កំពូលខ្សែប្រយុទ្ធរូបនេះ ក៏ធ្លាប់មិនពេញចិត្តនឹង កីឡាករក្មេងៗនៅក្នុងក្រុមរបស់ខ្លួន មួយចំនួនផងដែរ ដោយថា ពួកគេមិនស្ដាប់កីឡាករជើងចាស់ មានបទពិសោធន៍ដូចជារូបគេ។
Ronaldo មានរបួសមិនអាចចូលរួម ២ប្រកួតហើយ យ៉ាងណាគេរំពឹងថា ខ្សែប្រយុទ្ធនេះនឹងអាចចូលប្រកួតយប់នេះវិញតទល់នឹង Brentford ។
នៅខណៈនេះ Man Utd កំពុងឈរនៅលំដាប់ថ្នាក់ទី៧ នៃការប្រកួត PL ដោយមាន ៣២ពិន្ទុ រីឯ Man City ជាក្រុមឈានក្នុងលីគកំពូលនេះ មានរហូតទៅដល់ ៥៦ពិន្ទុ និង West Ham ជាក្រុមជាប់ចំណាត់ថ្នាក់ទី៤ មានរហូតទៅដល់ ៣៧ពិន្ទុ៕ Source: Sabay