ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង នឹងនាំចេញប្រព័ន្ធមីស៊ីល ឲ្យទៅសហភាពអារ៉ាប់រួម

បរទេស៖ ក្រុមហ៊ុនការពារជាតិ របស់ប្រទេសកូរ៉េខាងត្បូង ចំនួន៣ គឺក្រុមហ៊ុន Hanwha Defense ក្រុមហ៊ុន Hanwha Systems និងក្រុមហ៊ុន LIG Nex1 បានព្រមព្រៀងនាំចេញប្រព័ន្ធមីស៊ីល វាយប្រហារពីដីទៅក្នុងអាកាស មានរយៈចម្ងាយវាយប្រហារមធ្យម ទៅកាន់ប្រទេសសហភាពអារ៉ាប់រួម។

កិច្ចព្រមព្រៀងការពារជាតិនោះ គឺជាកុងត្រានាំចេញអាវុធដ៏ធំបំផុត របស់ប្រទេសកូរ៉េខាងត្បូង ដែលក្រុមហ៊ុន Hanwha Defense បាននិយាយកាលពីថ្ងៃចន្ទថា មានតម្លៃជាង ៣,៣៦ពាន់លានដុល្លារ ហើយវាត្រូវបានចុះហត្ថលេខា នៅក្នុងអំឡុងដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអ៊ីន នៅសហភាពអារ៉ាប់រួម កាលពីថ្ងៃអាទិត្យនិងថ្ងៃចន្ទ។

ក្រោមកិច្ចព្រមព្រៀងនោះ ក្រុមហ៊ុនការពារជាតិ Hanwha Defense នឹងផលិតប្រព័ន្ធបាញ់ និងរថយន្តដឹកជញ្ជូន ក្នុងខណៈដែលក្រុមហ៊ុន Hanwha Systems នឹងផលិតប្រព័ន្ធរ៉ាដា ចំណែកក្រុមហ៊ុន LIG Nex1 នឹងទទួលខុសត្រូវ ដឹកជញ្ជូនប្រព័ន្ធអាវុធទាំងអស់ គឺមីស៊ីល Cheongung II ឬហៅថា M-SAM2 ទៅឲ្យកងកម្លាំងទ័ពអាកាស សហភាពអារ៉ាប់រួម។

មីស៊ីល Cheongung II នេះ គឺជាប្រព័ន្ធអាវុធបាញ់យន្តហោះ ដែលក៏មានគោលដៅបាញ់ស្កាត់ មីស៊ីលផ្លោងនានាផងដែរ ហើយទីភ្នាក់ងារអភិវឌ្ឍន៍ការពារជាតិ រដ្ឋរបស់កូរ៉េខាងត្បូង បានកសាងផលិតវារួមគ្នា ជាមួយក្រុមហ៊ុន Hanwha និងក្រុមហ៊ុន LIG Nex1៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top