បរទេស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ថា មនុស្សជាង១,២លាននាក់បានស្លាប់ ក្នុងឆ្នាំ២០១៩ដោយសារការឆ្លងមេរោគ ដែលបង្កឡើងដោយបាក់តេរី ដែលធន់នឹងថ្នាំអង់ទីប៊ីយោទិក ច្រើនប្រភេទ ខ្ពស់ជាងមេរោគអេដស៍/ជំងឺអេដស៍ ឬជំងឺគ្រុនចាញ់ នេះបើយោងតាម របាយការណ៍ថ្មីមួយ ដែលបានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះ ។
មន្ត្រីសុខាភិបាលពិភពលោក បានព្រមានម្តងហើយម្តងទៀត អំពីការកើនឡើងនៃបាក់តេរី ដែលធន់នឹងថ្នាំ និងអតិសុខុមប្រាណដទៃទៀត ដោយសារតែការប្រើប្រាស់ខុស និងការប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិកច្រើនពេក ដែលជំរុញឱ្យមីក្រូសរីរាង្គ វិវត្តទៅជា “ពពួកមេរោគ” ។
របាយការណ៍ស្រាវជ្រាវសកលថ្មី ស្តីពីការតស៊ូប្រឆាំងអតិសុខុមប្រាណ ដែលត្រូវបានបោះពុម្ពផ្សាយ នៅក្នុងទស្សនាវដ្តី The Lancet បានបង្ហាញថា ភាពធន់នឹងថ្នាំសម្លាប់មេរោគ (AMR) ទទួលខុសត្រូវដោយផ្ទាល់ ចំពោះការស្លាប់ប្រមាណ ១,២៧លាននាក់ និងពាក់ព័ន្ធនឹងការស្លាប់ ប្រហែល៤,៩៥លាននាក់ ។ ការសិក្សាបានវិភាគទិន្នន័យ ពីប្រទេស និងដែនដីចំនួន២០៤ ។
Chris Murray សហអ្នកនិពន្ធនៃការសិក្សា និងជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Washington បានលើកឡើងថា “ទិន្នន័យថ្មីទាំងនេះបង្ហាញពីទំហំពិត នៃភាពធន់នឹងថ្នាំសម្លាប់មេរោគ នៅទូទាំងពិភពលោក ការប៉ាន់ប្រមាណពីមុនបានព្យាករណ៍ថា នឹងមានអ្នកស្លាប់ប្រចាំឆ្នាំ ចំនួន១០លាននាក់ពី AMR នៅឆ្នាំ២០៥០ ប៉ុន្តែឥឡូវនេះ យើងដឹងច្បាស់ថា យើងខិតទៅជិតតួរលេខនោះ ច្រើនជាងអ្វីដែលយើងគិត” ។
គួររំលឹកថា កាលពីឆ្នាំមុន អង្គការសុខភាពពិភពលោក បានព្រមានថា គ្មានថ្នាំអង់ទីប៊ីយោទិក ចំនួន៤៣មុខ ដែលកំពុងអភិវឌ្ឍ ឬថ្នាំដែលត្រូវបានអនុម័តថ្មីៗនេះ គ្រប់គ្រាន់ដើម្បីទប់ទល់ នឹងភាពស៊ាំនឹងថ្នាំសម្លាប់មេរោគនោះទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា