ជារៀងរាល់ថ្ងៃការវាយប្រហារ លើគណនីបណ្ដាញសង្គម ឬការប្រើប្រាស់សេវាកម្ម ផ្សេងៗ ក៏ចេះតែបន្តកើតមានដោយសារ ភាពថ្លោះធ្លោយ របស់អ្នកប្រើប្រាស់។ កត្តាសំខាន់មួយដែលបង្កឲ្យ Hacker អាចលួចយកគណនី របស់អ្នកទៅបាន នោះគឺការប្រើប្រាស់ កូដសម្ងាត់ (Password) ដែលមានភាពសាមញ្ញនិងងាយ ក្នុងការទស្សន៍ទាយ។
បើយោងតាមអ្នកជំនាញដែលជាអ្នកពិគ្រោះយោបល់ផ្នែកសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិតនិងជាអតីតអ្នកបម្រើការឲ្យអតីតប្រធានាធិបតីលោក Barak Obama អ្នកស្រី Kiersten Todt បាននិយាយយ៉ាងខ្លីថាអ្នករាល់គ្នាចាំបាច់គួរប្រើប្រាស់ Password ដែលមានពាក្យច្រើនលាយបញ្ចូលគ្នា ពោលគឺកុំប្រើប្រាស់ពាក្យតែមួយម៉ាត់។
អ្នកស្រី Kiersten Todt
ជាទូទៅ Password ដែលមានពាក្យច្រើន រមែងសុវត្ថិភាពជាង Password មានពាក្យមួយម៉ាត់ ព្រោះវាអាចកាត់បន្ថយកម្រិតនៃការទស្សន៍ទាយត្រូវរបស់ Hacker។ តាមរយៈ Todt ប្រាប់ថា៖ “អ្នកចាំបាច់ត្រូវដាក់ Password ឲ្យវែង គួរតែចន្លោះ ៤ ទៅ ៥ ពាក្យ”។
អ្នកជំនាញមួយផ្សេងទៀតបានណែនាំឲ្យអ្នកគួរប្រើប្រាស់ Space នៅក្នុង Password នោះតាមដែលអាចទៅរួច ព្រោះបច្ចុប្បន្នមិនថាបណ្ដាញសង្គមយក្ស Facebook ឬ Google សុទ្ធសឹងទទួលការប្រើ Space ជាតួអក្សរត្រឹមត្រូវសម្រាប់ការកំណត់ Password។
ជាចុងក្រោយលោក Alex Heid តំណែងជា CTO នៅក្រុមហ៊ុន SecurityScoreCard ណែនាំបន្ថែមថា៖ “មនុស្សដែលត្រូវគេ Hack ភាគច្រើនតែងតែប្រើប្រាស់កូដសម្ងាត់ច្រំដែលលើគេហទំព័រផ្សេងគ្នា បែបនេះអ្នកគួរតែជៀសវាង”៕ ប្រភព៖sabay.com.kh