៧០ភាគរយ នៃទម្ងន់រាងកាយរបស់យើង គឺជាតិទឹក ដូច្នេះនៅពេលដែល រាងកាយខ្សោះជាតិទឹក អាចបណ្តោលឲ្យមានបញ្ហាឈឺក្បាល អស់កម្លាំង ប្រតិកម្មយឺត ឬមានបញ្ហាស្បែកជាដើម។ ក្នុងលក្ខខណ្ឌធម្មតា រាងកាយត្រូវការទឹក ជាមធ្យម ១,៥ ទៅ ២លីត្រក្នុងមួយថ្ងៃ ទើបអាចទ្រទ្រង់រាងកាយ ទាំងមូលឲ្យមានសុខភាពល្អ និងជៀសឆ្ងាយពីជំងឺមួយចំនួនបាន។
ប៉ុន្តែតើអ្នកមានដឹងទេថា ការផឹកទឹកបន្ទាប់ពីភ្ញាក់ពីគេងភ្ញាម ផ្តល់អត្ថប្រយោជន៍ខ្លាំងណាស់ សម្រាប់រាងកាយ? អ្នកឯកទេសបានផ្តល់ដំបូលន្មានថា ទម្លាប់ផឹកទឹកនៅពេលព្រឹកព្រលឹម ផ្តល់អត្ថប្រយោជន៍ដល់ សុខភាពច្រើនយ៉ាង ហើយក្នុងចំណោមនោះវា ក៏អាចបង្ការជំងឺក្រួសក្នុងតម្រងនោមផងដែរ។
វេជ្ជបណ្ឌិតជាច្រើនបានអះអាងថា អ្នកដែលផឹកទឹកច្រើន នឹងមិនព្រួយបារម្ភអំពីក្រួសក្នុងតម្រងនោម រួមទាំងការឆ្លងមេរោគ លើប្លោកនោមនោះទេ។
ការផឹកទឹក មួយកែវនៅពេលព្រឹកព្រលឹម គឺមានសារ:សំខាន់ខ្លាំងណាស់ក្នុងការ ការពារបញ្ហាក្រួសក្នុងតម្រងនោម និងការពារមិនឲ្យមេរោគឆ្លង ចូលក្នុងប្លោកនោម។
នៅពេលទឹកត្រូវបានបន្ថែម ក្នុងរាងកាយបានគ្រប់គ្រាន់ វាអាចកាត់បន្ថយជាតិអាស៊ីតក្នុងក្រពះ បង្កើនការផលិតទឹកនោម និងកាត់បន្ថយហានិភ័យ ក្រួសក្នុងតម្រងនោម។
និយាយឲ្យខ្លី ការទទួលទានទឹកនៅពេលព្រឹកព្រលឹម អាចនាំមកនូវអត្ថប្រយោជន៍ ដល់សុខភាពជាច្រើនសម្រាប់សុខភាព។ ប៉ុន្តែអ្នកមិនគួរទទួលទានទឹកកក ឬទឹកក្លាសេត្រជាក់នៅពេល ព្រឹកព្រលឹមនោះទេ គឺគួរតែប្រើទឹកធម្មតា ឬទឹកក្តៅឧណ្ឌៗ ទើបអាចបញ្ចេញជាតិពុលចេញ ពីរាងកាយបានលឿន អាចការពារ និងព្យាបាលជំងឺជាច្រើនទៀត ៕