ព័ត៌មានអន្តរជាតិ

ទីប្រឹក្សារុស្ស៊ី ​និងអ៊ុយក្រែន ជួបពិភាក្សាគ្នា ជុំវិញភាពតានតឹង

បរទេស៖ ទីប្រឹក្សានយោបាយរបស់ប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន កំពុងតែធ្វើការជួបគ្នា សម្រាប់ជាលើកដំបូង គិតចាប់តាំងពីវិបត្តិជុំវិញព្រំដែន របស់ប្រទេសទាំងពីរ បានចាប់ផ្តើម នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។

កិច្ចពិភាក្សាគ្នា៤ភាគី នៅថ្ងៃពុធក្នុងទីក្រុងប៉ារីសនេះ ក៏នឹងមានការចូលរួមដោយប្រទេសបារាំង និងអាល្លឺម៉ង់ ហើយកិច្ចជំនួបនោះ បង្ហាញពីការប្រើប្រាស់ឡើងវិញ នូវកិច្ចពិភាក្សាដែលគេហៅថា Normandy Format ដែលធ្លាប់បានប្រារព្ធធ្វើ ជាចុងក្រោយបង្អស់ នៅក្នុងឆ្នាំ២០១៩។

តាមសេចក្តីរាយការណ៍ កិច្ចជំនួបគ្នានេះ ក៏ត្រូវបានធ្វើឡើង ស្របពេលដែលលោកខាងលិច ដឹកនាំដោយសហរដ្ឋអាមេរិក កំពុងតែធ្វើការគម្រាមដាក់ទណ្ឌកម្ម ជាលក្ខណៈបុគ្គលផ្ទាល់ លើប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ប្រសិនបើប្រទេសរុស្ស៊ី បើកការវាយប្រហារ ទៅលើប្រទេសអ៊ុយក្រែន។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី ដែលបានធ្វើការប្រមូលផ្តុំ កងទ័ពរាប់ម៉ឺននាក់ នៅតាមតំបន់ព្រំដែន ជាប់នឹងប្រទេសអ៊ុយក្រែននោះ ធ្វើការបដិសេធថា ខ្លួនមិនមានគម្រោងផែនការ ធ្វើការវាយប្រហារទៅលើ ប្រទេសជិតខាងខ្លួន គឺប្រទេសអ៊ុយក្រែននោះទេ និងបានថ្កោលទោសអង្គការណាតូ ពីបទធ្វើឲ្យប៉ះពាល់ ដល់សន្តិសុខក្នុងតំបន់៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top