សេនហ្វ្រេនស៊ីស្កូ៖ ក្រុមហ៊ុនផលិត PlayStation Sony បានប្រកាសពីកិច្ចព្រមព្រៀងតម្លៃ៣.៦ ពាន់លានដុល្លារកាលពីថ្ងៃច័ន្ទដើម្បីទិញស្ទូឌីយោវីដេអូហ្គេមរបស់សហរដ្ឋអាមេរិក Bungie ជាអ្នកបង្កើតបទល្បីដូចជា “Halo” និង “Destiny” ខណៈការប្រយុទ្ធក្នុងឧស្សាហកម្មហ្គេមកាន់តែក្តៅជាមួយ Microsoft យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
កិច្ចព្រមព្រៀងរបស់ក្រុមហ៊ុន Sony កើតឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីក្រុមហ៊ុន Microsoft បានបង្ហាញកិច្ចព្រមព្រៀងតម្លៃ ៦៩ ពាន់លានដុល្លារ ដើម្បីទទួលបានក្រុមហ៊ុនផលិត “Call of Duty” Activision Blizzard ដោយក្រុមហ៊ុន Microsoft និយាយថា នឹងធ្វើឲ្យវាក្លាយជាក្រុមហ៊ុនហ្គេមធំជាងគេទី៣ដោយប្រាក់ចំណូលនៅពីក្រោយ Tencent និង Sony ។
Bungie មានមូលដ្ឋាននៅមិនឆ្ងាយប៉ុន្មានពីទីស្នាក់ការកណ្តាលរបស់ Microsoft ក្នុងរដ្ឋ Washington សហរដ្ឋអាមេរិក ហើយយីហោ “Halo” របស់វាត្រូវបានគេចាត់ទុកថាជាហ្គេមវីដេអូរួមចំណែកដល់ការពេញនិយមរបស់ Xbox consoles ។ ប្រធានក្រុមហ៊ុន Sony Interactive Entertainment លោក Jim Ryan បាននិយាយអំពីការទិញ Bungie ថា នេះគឺជាជំហានដ៏សំខាន់មួយនៃយុទ្ធសាស្រ្តរបស់យើងក្នុងការពង្រីកលទ្ធភាពរបស់ PlayStation ទៅកាន់ទស្សនិកជនកាន់តែទូលំទូលាយ។
ចាប់តាំងពីវាត្រូវបានបង្កើតឡើងនៅដើមឆ្នាំ ១៩៩១ Bungie បានបង្កើតហ្គេមសម្រាប់លេងនៅលើកុងសូល PlayStation និង Xbox របស់គូប្រជែង ក៏ដូចជានៅលើកុំព្យូទ័រដែលដំណើរការដោយកម្មវិធី Microsoft Windows ។ នេះបើយោងតាមក្រុមហ៊ុន Sony ថា Bungie គឺនៅតែជាស្ទូឌីយ៉ូឯករាជ្យ ដោយបង្កើតហ្គេមសម្រាប់លេងនៅលើឧបករណ៍ប្រកួតប្រជែង ៕
ដោយ៖លី ភីលីព