ព័ត៌មានអន្តរជាតិ

មេបញ្ជាការយោធារុស្ស៊ី ធ្វើដំណើរមកដល់បេឡារូស ត្រៀមបើកសមយុទ្ធយោធា

បរទេស៖យោងតាមការចេញផ្សាយ របស់កាសែតបរទេស នៅថ្ងៃនេះបានឲ្យដឹងថា មេបញ្ជាការយោធាជាន់ខ្ពស់មួយរូប របស់ប្រទេសរុស្ស៊ី បានធ្វើដំណើរមកដល់ប្រទេសបេឡារូសហើយ​ កាលពីថ្ងៃម្សិលមិញ ដើម្បីត្រៀមខ្លួនក្នុងការបើកសមយុទ្ធយោធា ទ្រង់ទ្រាយធំមួយ ក្បែរព្រំដែនជាមួយនឹងអ៊ុយក្រែន។

មេបញ្ជាការយោធោ លោកឧត្តមសេនីយ Valery Gerasimov បានធ្វើដំណើរមកដល់ទឹកដី ដែលជាអតីតដែនដីកាន់កាប់ ដោយសហភាពសូវៀតនេះ ដើម្បីបើកសមយុទ្ធយោធា ដែលមានរយៈពេល ដល់ទៅ១០ថ្ងៃ និងត្រូវបានហៅឈ្មោះថា Allied Resolve 2022 និងត្រូវបានចាត់ទុកថា ជាសមយុទ្ធយោធាធំបំផុត រវាងប្រទេសទាំងពីរ។

សមយុទ្ធយោធាដ៏ធំមួយនេះនឹងចាប់ផ្តើម នៅថ្ងៃព្រហស្បតិ៍នេះ និងចំពេលដែលកំពុងមានភាពតានតឹង រវាងប្រទេសរុស្ស៊ី ជាមួយនឹងអ៊ុយក្រែន និងក៏ដូចជាប្រទេសលោកខាងលិច ជាពិសេសអាមេរិកផងដែរ។

ក្នុងពេលជាមួយគ្នានេះដែរ ប្រទេសអ៊ុយក្រែន ក៏បានប្រកាសក្នុងការ បើកសមយុទ្ធយោធារបស់ខ្លួន ចាប់ពីថ្ងៃព្រហស្បតិ៍ដូចគ្នានេះផងដែរ ខណៈដែលយោធាអាមេរិក ប្រមាណជា៣០០០នាក់មកហើយ បានធ្វើដំណើរមកដល់ ប្រទេសប៉ូឡូញ និងរ៉ូមេនី ដើម្បីជួយបង្កើនកម្លាំងរបស់ទ័ពណាតូ ដែលមានស្រាប់នៅក្នុងតំបន់អឺរ៉ុប៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top