កីឡា

Pogba នឹង​ត្រូវ​កាត់​ប្រាក់​ខែ​មួយ​ចំនួន​ធំ​ បើ​ទៅ​លេង​ក្លឹប​ដែល​គេ​ទៅ​ នៅ​រដូវកាល​ក្ដៅ​ខាង​មុខ​

ខ្សែ​បម្រើ​ Paul Pogba នៅ​តែ​មិន​ទាន់​សម្រេច​​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ក្លឹប​ Manchester United ខណៈ​នឹង​ចប់​កុងត្រា​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២២​ ដែល​ធ្វើ​ឲ្យ​មាន​ប្រភព​​ជា​ច្រើន​យល់​ថា​ គេ​នឹង​ចាក​ចេញ​ពី​ក្លឹប​នេះ​នៅ​រដូវកាល​ក្ដៅ​ខាង​មុខ​ ដោយ​គ្មាន​តម្លៃ​ខ្លួន​តែ​ម្ដង។ បើ​តាម​ចុះ​ការ​ផ្សាយ​របស់​ Daily Mail ។

បើ​តាម​ប្រភព​ខាង​លើ​ មក​ទល់​នឹង​ពេល​នេះ​ក្លឹប​ដែល​គេ​ដឹង​ថា​ទាក់​ទង​ចង់​បាន​ Pogba មាន​ដូច​ជា​ក្លឹប​ Juventus, PSG និង​ Real Madrid ។

យ៉ាង​ណា​ក្នុង​ចំណោម​ក្លឹប​ទាំង​៣នេះ​ ក្លឹប​ដែល​ខ្សែ​បម្រើ​នេះ​ចង់​ទៅ​គឺ​ Juventus ដែល​ជា​ក្លឹប​គេ​ធ្លាប់​លេង​ឲ្យ​ម្ដង​កាល​ពី​រដូវកាល​ឆ្នាំ​២០១២/១៣ រហូត​ដល់​រដូវកាល​ឆ្នាំ​២០១៥/១៦។

ដោយ​សារ​ការ​ចង់​ទៅ​របស់​គេ​ផ្ទាល់​ ក៏​ដូច​ជា​ លោក​ Mino Raiola ភ្នាក់​ងារ​របស់​ Pogba ផ្ទាល់​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​ Juventus ការ​ផ្លាស់​ទៅ​ Juventus មិន​ពិបាក​ទេ​សម្រាប់​ខ្សែ​បម្រើ​រូប​នេះ​ ក៏​ប៉ុន្តែ​គេ​ត្រូវ​ជួយ​សម្របសម្រួល​កាត់​ប្រាក់​ពលកម្ម​របស់​ខ្លួន​គេ​មួយ​ចំនួន​ធំ​ ព្រោះ​តែ​ក្លឹប​អ៊ីតាលី​មួយ​នេះ​មិន​មាន​លទ្ធភាព​ច្រើន​ឡើយ​។

នៅ​ក្នុង​ខណៈ​ប្រាក់​ពលកម្ម​របស់​ Pogba នៅ​ Man Utd ក្នុង​មួយ​សប្ដាហ៍​ទទួល​បាន​រហូត​ទៅ​ដល់​ជិត​ ៤០ម៉ឺន​ដុល្លារ​ឯណោះ​៕

Most Popular

To Top