ម៉ូស្គូ ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា នាវាមុជទឹកប្រភេទ Kilo-class របស់កងទ័ពជើងទឹករុស្ស៊ី បានឆ្លងកាត់ច្រកសមុទ្រ Bosphorus របស់ប្រទេសតួកគី កាលពីថ្ងៃអាទិត្យ ដើម្បីធ្វើដំណើរទៅកាន់សមុទ្រខ្មៅ។
នាវាមុជទឹក Kilo-class Rostov-Na-Donu បានចូលទៅក្នុងច្រកសមុទ្រប្រវែង ៣០គីឡូម៉ែត្រពីសមុទ្រ Marmara របស់ប្រទេសតួកគី ហើយឆ្ពោះទៅសមុទ្រខ្មៅ នេះបើយោងតាម Sozcu daily ។
រូបភាពដែលគេជឿថា ថតនៅពេលព្រឹកបង្ហាញថា នាវាឆ្មាំឆ្នេរសមុទ្រតួកគីបានអមដំណើរនាវាមុជទឹកវាយប្រហារដើរដោយអគ្គិសនី ប្រើម៉ាស៊ូតក្នុងអំឡុងពេលឆ្លងកាត់របស់នាវានេះ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ នាវាចម្បាំងរុស្ស៊ីចំនួន ៦គ្រឿងបានធ្វើដំណើរទៅកាន់សមុទ្រខ្មៅតាមរយៈច្រកសមុទ្រ Bosphorus នេះបើយោងតាមប្រភពពី Sozcu ។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ ក្រសួងការបរទេសតួកគីបានណែនាំពលរដ្ឋរបស់ខ្លួនឱ្យជៀសវាងការធ្វើដំណើរទៅកាន់ភាគខាងកើតអ៊ុយក្រែន ដោយសារតែភាពតានតឹងកាន់តែខ្លាំងឡើងរវាងរុស្ស៊ី និងអ៊ុយក្រែន៕
ដោយ ឈូក បូរ៉ា