កីឡា

កីឡាករ-កីឡាការិនីគុនខ្មែរ ចំនួន៩៥នាក់ ចូលរួមការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ 

ភ្នំពេញ៖នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ០២២សហព័ន្ធកីឡាប្រដាល់គុនខ្មែរប្រកាស បើកព្រឹត្តិការណ៍ការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ ជាផ្លូវការដែលរយៈពេល៥ថ្ងៃ ១៤ដល់១៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅស្តាតចាស់ដើម្បីជ្រើសរើសក្រុម អត្តពលិកឆ្នើមសម្រាប់ត្រៀមខ្លួនការប្រកួតកីឡា SEA GAMES ២០២១ លើកទី៣១ នៅប្រទេសវៀតណាម និងការប្រកួតកីឡា SEA GAMES ២០២៣ លើកទី៣២នៅប្រទេសកម្ពុជាយើង ការប្រកួតដោយមានការផ្សាយផ្ទាល់ ពីស្ថានីយទូរទស្សន៍TV5 ។

ក្នុងឱកាសបើកការប្រកួតនេះដោយមានការអញ្ជើញចូលរួមពីសំណាក់ឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោកឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ ទីប្រឹក្សាជាន់ខ្ពស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាតំណាងលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ម៉ិល កាដូ អគ្គនាយករងតំណាងឲ្យលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងលោក ហួង តារាមុនី អគ្គនាយក TV5។

លោក តែម ម៉ឺន បានមានប្រសាសន៍ថា ការប្រកួតនេះធ្វើឡើងដើម្បីវាស់ស្ទង់សមត្ថភាពកីឡាករ-កីឡាការិនី លើផ្នែកបច្ចេកទេស ផ្នែកកម្លាំងកាយ បទពិសោធន៍ និងដើម្បីជ្រើសរើសកីឡាករល្អៗ សម្រាប់ប្រមូលផ្តុំជាក្រុមជម្រើសជាតិ ហ្វឹកហាត់ត្រៀមលក្ខណៈសម្បត្តិឲ្យគ្រប់គ្រាន់ ទៅចូលរួមប្រកួតកីឡា SEA GAMES លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាមមុខ និងត្រៀមប្រកួតកីឡាSEA GAMES លើកទី៣២ នៅឆ្នាំ២០២៣ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏ធំ ដែលព្រះរាជាណាចក្រកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។
បច្ចុប្បន្ននេះវិស័យកីឡាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ជាពិសេសកីឡាប្រដាល់គុនខ្មែរមានសហព័ន្ធ បានខិតខំប្រឹងប្រែងបណ្តុះបណ្តាល និងអភិវឌ្ឍន៍កីឡាកររហូតទទួលបានលទ្ធផលជាប្រវត្តិសាស្រ្តលើកដំបូងរបស់កម្ពុជា ដោយទទួលបានមេដាយមាស ០១គ្រឿង មេដាយប្រាក់ ០១គ្រឿង និងមេដាយសំរឹទ្ធ ០២គ្រឿង ក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាSEA GAMES លើកទី២៩ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី។ ការប្រកួតកីឡាSEA GAMESលើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ទទួលបានមេដាយសំរិទ្ធចំនួន ០៦គ្រឿង ក្នុងនោះប្រភេទកីឡាឃីកបុកស៊ីងទទួលបាន ០៣គ្រឿងផងដែរស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានធ្វើឲ្យប្រជាប្រិយភាពប្រដាល់គុនខ្មែរកាន់តែល្បីរន្ទឺក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ។ លទ្ធផលទាំងនេះ គឺសុទ្ធតែបានមកដោយសារការដឹកនាំ ក្រោមដំបូលសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់។

សហព័ន្ធប្រដាល់គុនខ្មែរបញ្ជាក់ថា ដោយអនុវត្តទៅតាមផែនការប្រតិបត្តិឆ្នាំ២០២១ របស់សហព័ន្ធប្រដាល់គុនខ្មែរ និងការអនុវត្តថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡាឆ្នាំ២០២១ សហព័ន្ធកីឡាប្រដាល់គុនខ្មែរត្រូវរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិនេះ មានក្លិបមានអង្គភាព សមាគម ក្លិបកីឡាក្រសួង រាជធានី-ខេត្តបានចូលរួមសរុបចំនួន ១៤ ដោយមានកីឡាករ កីឡាការិនីចូលរួសរុបម ៩៥នាក់ ប្រតិភូ គ្រូបង្វឹក ២៨នាក់ មន្រ្តីបច្ចេកទេស ៦៥នាក់ សរុបទាំងអស់ ១៨៨នាក់។ ក្នុងនាមគណៈកម្មការរៀបចំការប្រកួត លោកបានសន្យាយកអស់កម្លាំងកាយ កម្លាំងចិត្ត ស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីដឹកនាំ និងអនុវត្តការងារប្រកួតឲ្យទទួលបានជោគជ័យ៕ដោយ៖លី ភីលីព


មក

Most Popular

To Top