ភ្នំពេញ៖តារាកំប្លែងរូបស្រស់របស់ CTN កញ្ញា វ៉ាន់ នីឡា បានបញ្ចេញរូបថត Pre-Wedding របស់ខ្លួនជាមួយគូដណ្ដឹងលោកស៊ុត សក្ការៈ កាលពីពេលថ្មីៗនេះដែលបញ្ជាក់ថានាងនិងអនាគតស្វាមីបានត្រៀមទាំងចិត្តទាំងកាយដើម្បីចូលរោងការនៅពេលឆាប់ៗនេះហើយ។ការថតរូបតាំងរោងការរបស់វ៉ាន់ នីឡា នេះក្រោយពីអ្នកទាំងពីរបានលើកពេលរៀបការ២លើកមកហើយដោយសារតែកូវីដ។
ជាការពិតណាស់ អស់រយៈពេលច្រើនឆ្នាំមកហើយ ដែលតារាកំប្លែងសាច់ខ្ចីកញ្ញា វ៉ាន់ នីឡា បានមានទំនាក់ទំនងស្នេហាជាមួយគូដណ្ដឹង នឹងពុំដែលបង្ហាញពីគម្រោងរៀបការឡើយ ។ ប៉ុន្តែថ្មីៗនេះ លោក សុវណ្ណ រិទ្ធី ហៅលោកតាវ៉ិច ទ័រ ជាឪពុករបស់វ៉ាន់ នីឡា បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា កូនស្រីរបស់លោកពិតជាត្រូវចូលរោងការនៅអំឡុងពាក់កណ្ដាលខែមីនាឆ្នាំ២០២២ ខាងមុខនេះមែន ព្រោះពេលនេះក្រុមគ្រួសារទាំងសងខាងបានឯកភាពគ្នាថាធ្វើនៅពេលហ្នឹងហើយ។
ទោះជាយ៉ាងណាលោកវ៉ិចទ័រ បានឱ្យដឹងទៀតថាបញ្ហារផ្ទុះកូវីដ ឡើងវិញនារយៈពេលចុងក្រោយនេះក៏ជាក្ដីកង្វល់មួយសម្រាប់ពិធីរៀបអាពាហ៍ ពិពាហ៍របស់កូនស្រីរបស់លោកដែរ ហេតុនេះហើយបានជាពេលនេះលោកបានតាមដានដោយយកចិត្តទុកដាក់ជានិច្ចព្រោះថាការកូនស្រីម្ដង ចង់ធ្វើឱ្យសប្បាយ តែដល់ពេលកូវីដកម្រើកឡើងវិញបែបនេះគឺមានតែធ្វើពិធីការកូនដោយគោរពតាមវិធានរបស់ក្រសួងសុខាភិបាលជានិច្ច។
លោកសុវណ្ណ រិទ្ធី ដែលជាអ្នកអ្នកដឹកនាំក្រុមកំប្លែងCTN ថាពេលនេះលោកនិងគ្រួសារទាំងសងខាងបានឯកភាពគ្នាហើយថាត្រូវតែការកូនស្រីទៅតាមគម្រោងគឺនៅពាក់កណ្ដាលខែមីនា បើទោះជាឥឡូវលោកត្រូវមិនទាន់បានកក់ទីតាំងប្រារពិធី និងកំណត់ថ្ងៃជាក់លាក់ដោយសារតែចាំអ៊ុតមើលរឿងស្ថានភាពកូវីដនេះយ៉ាងយកចិត្តទុកដាក់បំផុតក្ដី តែមង្គលការមិនបានលើកឬពន្យាពេលនោះទេ។
គួរឱ្យដឹងផងដែរថា កញ្ញា វ៉ាន់ នីឡា បានលើកពេលរៀបមង្គលការកាលពីចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២១ ព្រោះតែកូវីដ ផ្ទុះរហូតមក។ ប៉ុន្ដែការសម្រេចចិត្តដឹកដៃគូដណ្ដឹងរៀបការនៅខែមីនា នេះដោយសារតែលោកតាអាចារ្យដេញពេលាថាពួកគេអាចរៀបការនៅពេលនេះបាន ទើបសម្រេចចិត្តមិនលុបពេលរៀបការជាលើកទី៣ ៕ ដោយ៖ ម៉ានី