ព័ត៌មានអន្តរជាតិ

ម៉ិកស៊ិក ត្រូវការរបៀបវារៈកំណែ ទម្រង់ដ៏ទូលំទូលាយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

ម៉ិកស៊ីកូ ៖ អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ម៉ិកស៊ិកត្រូវការ “របៀបវារៈកំណែទម្រង់ដ៏ទូលំទូលាយ” ដើម្បីជំរុញ ការវិនិយោគ និងកំណើនសេដ្ឋកិច្ច នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

ការស្ទង់មតិសេដ្ឋកិច្ច របស់ OECD នៃប្រទេសម៉ិកស៊ិក បានកត់សម្គាល់ថា កំណើនសេដ្ឋកិច្ចកាន់តែរឹងមាំ និង ការងារកាន់តែច្រើន រួមផ្សំជាមួយនឹងការកើនឡើង នៃការចំណាយសង្គម នឹងជួយកាត់បន្ថយភាពក្រីក្រ និងធ្វើអោយប្រសើរឡើង នូវទំនាក់ទំនងសង្គម។

លោក Mathias Cormann អគ្គលេខាធិការ OECD បានឲ្យដឹងនៅពេលធ្វើបទបង្ហាញ ពីការសិក្សាក្នុងអំឡុងពេល ព្រឹត្តិការណ៍និម្មិតថា “ម៉ិកស៊ិក មានសក្តានុពលដ៏អស្ចារ្យ ក្នុងការក្លាយជាសេដ្ឋកិច្ច ដែលមានកំណើនខ្ពស់ ជាមួយនឹងកម្រិតជីវភាពកាន់តែខ្ពស់ សម្រាប់ទាំងអស់គ្នា” ។

ប្រធាន OECD បានឲ្យដឹង បន្ថែមនៅក្នុងព្រឹត្តិការណ៍ដែលរដ្ឋមន្ត្រីហិរញ្ញវត្ថុម៉ិកស៊ិក Rogelio Ramirez de la O បានចូលរួមថា “របៀបវារៈកំណែទម្រង់ ប្រកបដោយមហិច្ឆតា និងទូលំទូលាយនឹងត្រូវការ ដើម្បីប្រែក្លាយឱកាសនេះឱ្យក្លាយជាការពិត” ។

ប្រភពពី OECD បានឲ្យដឹងថា ម៉ិកស៊ិក គួរតែផ្តល់អាទិភាព ដល់ការធ្វើឱ្យការវិនិយោគឯកជនមានសកម្មភាពឡើងវិញ និងផ្លាស់ប្តូរផលិតភាពទាប ដើម្បីបង្កើនសក្តានុពលកំណើន ក្នុងរយៈពេលមធ្យម ៕
ដោយ ឈូក បូរ៉ា

Most Popular

To Top