ក្រុមតោខៀវ Chelsea បានយកឈ្នះលើក្រុម Lille ក្នុងលទ្ធផល ២-០ សម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយនៅយប់មិញនេះ។
Chelsea ឃើញថាប៉ុន្មានប្រកួតមកនេះទទួលបានលទ្ធផលល្អច្រើន។ ជាក់ស្ដែងលេងទល់ក្រុម Lille នៅយប់មិញ ពួកគេយកឈ្នះបាន ២-០ ទៀត ដោយក្នុង២គ្រាប់នោះរកបានដោយ Havertz នៅនាទី៨ និងខ្សែបម្រើ Pulisic នៅនាទី៦៣។ ក្នុងការប្រកួតនេះដែរ លោក Thomas Tuchel អ្នកចាត់ការក្រុមតោខៀវ ក៏បានដាក់ឱ្យ Lukaku សម្រាកសិនដែរ។
បន្ទាប់ពីចប់ភារកិច្ចជើងទី១នៃពានរង្វាន់ UEFA Champions League នេះទៅ ក្រុម Chelsea នឹងត្រូវមានប្រកួតសំខាន់មួយទៀត គឺការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Carabao Cup ទល់ក្រុម Liverpool នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ៕ Source: Sabay