ព័ត៌មានអន្តរជាតិ

ការលុកលុយអ៊ុយក្រែន៖ រុស្ស៊ី ដាក់កម្រិតលើការចូលប្រើ Facebook បន្ទាប់ពីបណ្តាញសង្គម ដាក់កម្រិតប្រព័ន្ធផ្សព្វផ្សាយគាំទ្រដោយវិមានក្រឹមឡាំង

រុស្សី៖ប្រទេសរុស្សីបាននិយាយថា ខ្លួនកំពុងដាក់កំហិតផ្នែកខ្លះ នៃការចូលប្រើប្រាស់ បណ្តាញផ្សព្វផ្សាយសង្គមយក្សអាមេរិក Facebook បន្ទាប់ពីបណ្តាញសង្គម បានកំណត់គណនីរបស់បណ្តាញផ្សព្វផ្សាយជាច្រើន ដែលគាំទ្រដោយវិមានក្រឹមឡាំង ជុំវិញការឈ្លានពានអ៊ុយក្រែន យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។

និយតករទំនាក់ទំនងរដ្ឋ Roskomnadzor របស់រុស្ស៊ីបាននិយាយថា ខ្លួនបានទាមទារឲ្យ Facebook លុបចោលការរឹតបន្តឹងដែលខ្លួនដាក់លើទីភ្នាក់ងារព័ត៌មានរដ្ឋ RIA Novosti ប៉ុស្តិ៍ទូរទស្សន៍រដ្ឋ Zvezda និងគេហទំព័រព័ត៌មាន គាំទ្រវិមានក្រឹមឡាំង Lenta.ru និង Gazeta.ru កាលពីថ្ងៃព្រហស្បតិ៍។ ក្រុមហ៊ុនមេរបស់ Facebook ឈ្មោះ Meta Platforms Inc បាននិយាយថា ខ្លួនបានបដិសេធមិនបញ្ឈប់ការត្រួតពិនិត្យការពិត ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី។

អតីតឧបនាយករដ្ឋមន្ត្រីលោក Nick Clegg ជាប្រធានកិច្ចការសកលលោក Meta បាននិយាយថា កាលពីម្សិលមិញ អាជ្ញាធររុស្ស៊ីបានបញ្ជាឲ្យយើងបញ្ឈប់ ការត្រួតពិនិត្យការពិត និងការដាក់ស្លាកមាតិកាដែលបង្ហោះលើ Facebook ដោយស្ថាប័នប្រព័ន្ធផ្សព្វផ្សាយរដ្ឋចំនួនបួនរបស់រុស្ស៊ី ប៉ុន្តែយើងបដិសេធ។ ជាលទ្ធផល ពួកគេបានប្រកាសថា ពួកគេនឹងរឹតបន្តឹងការប្រើប្រាស់សេវាកម្មរបស់យើង៕ ដោយ៖លី ភីលីណព

Most Popular

To Top